សម្តេច​តេ​ជោ រម្លឹក​ជនរួមជាតិ​អោយ​មើល​ឃើញ​តម្លៃ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​

111

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកជូនជនរួមជាតិអោយមើលឃើញពីតម្លៃនៃសន្តិភាពដែលកម្ពុជា បាននិងកំពុងមានដើម្បីសេចក្តីសុខនិងការអភិវឌ្ឍ ហើយសម្តេច ក៏បានប្រៀបធៀបអោយក្រឡេកទៅមើលពិភពលោកសព្វថ្ងៃដែលតំបន់ជាច្រើនពោរពេញដោយអសន្តិសុខ។

ភ្នំពេញ៖ សម្តេចបានសរសេរថា នៅពេលនេះនិងម៉ោងនេះ ប្រជាពលរដ្ឋបានដឹងនិងឃើញច្បាស់ថា មានប្រទេសក្នុងពិភពលោកជាច្រើន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន អសន្តិសុខសង្គម អំពើភេរវកម្ម និងសង្គ្រាមកាប់សម្លាប់ដែលធ្វើអោយក្រុមគ្រួសារបាត់បង់មនុស្សជាទីស្រឡាញ់ និងបែកបាក់ព្រាត់ប្រាសឪពុកម្តាយ យាយតា ពូ មីង បងប្អូន ប្តីប្រពន្ធ និងកូនចៅយ៉ាងរន្ធត់ខ្លោចផ្សារបំផុត។

នៅពេលនេះ និងម៉ោងនេះនៅកម្ពុជា គឺយើងកំពុងមានសុខសន្តិភាព ជាមួយនឹងសំឡេងសប្បាយក្អាកក្អាយរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ជួបជុំក្រុមគ្រួសារដោយសុខដមរម្យនា។

សូមអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី ដែលបានចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិយើង។ មានសន្តិភាព គឺយើងមានឱកាសគ្រប់ៗគ្នា ជាពិសេសឱកាសកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង៕