ករណី​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​មនុស្ស​ម្នាក់​ហើយ​

217

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់សិបលានដុល្លារ ដែលជនទាំងនេះជាមុខសញ្ញាក្រុមជនឆបោកប្រាក់ពីប្រជាពលរដ្ឋ ក្នុងវិស័យមូលបត្រនោះ មកដល់ពេលនេះ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ហើយ បន្ទាប់ពីធ្វើការសាកសួរអស់ពេលមួយថ្ងៃកន្លះមកនេះ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់នៅមុននេះបន្តិចថា លោក ស៊ិន វីរះ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើឈ្មោះ តេង សារឿន ពីបទ ឆបោក តាមមាត្រា៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រភព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ គឺធ្វើឡើងនៅថ្ងៃទី១៥ មិថុនានេះ ហើយបានបញ្ជូនទៅកាន់តុលាការសាកសួរនារសៀលថ្ងៃដដៃល។ ក្រោយការសាកសួរពេញមួយថ្ងៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនជនសង្ស័យទៅកន្លែងសមត្ថកិច្ចវិញ ដោយរង់ចាំថ្ងៃទី១៦ ខែមិថុនានេះ ទើបបន្តសាកសួរទៀត ។

មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យឈ្មោះ តេង សារឿន ភេទប្រុស នេះជាតំណាងសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ(ICA) និងក្រុមហ៊ុន Empire Big Capital Limited (EBC)

គួរបញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានធ្វើការបង្ហាញមុខសញ្ញាក្រុមជនឆបោកប្រាក់ពីប្រជាពលរដ្ឋ ក្នុងវិស័យមូលបត្រ អស់ចំនួនរាប់រយលានដុល្លារ ក្នុងនោះ មានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍(AIF), សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ(ICA) និងក្រុមហ៊ុន Empire Big Capital Limited (EBC) និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាត ហើយនិងចាត់វិធានស្រាវជ្រាវចាប់ខ្លួនយកមកវិនិច្ឆ័យទោស។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាសាធារណៈ និងមានការចូលរួមពីក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ថា ក្រសួងមហាផ្ទៃនឹងចាត់ការផ្លូវច្បាប់ ចំពោះអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) ដែលមានឈ្មោះហួត សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ដែលមានឈ្មោះជិហ្គោ សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ១១៤ហាសផ្លូវលេខ៥៥ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលមានឈ្មោះTan Tze Chin ហៅSean Tan ជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខA28455291 ជាប្រធានក្រុមហ៊ុន និងឈ្មោះឡុង សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ មានផ្ទះលេខ១៦៤ ផ្លូវ១៩ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕

photo_2016-01-27_13-10-5700136 photo_2016-01-27_13-10-5700137 photo_2016-01-27_13-10-5700134