​ប្រជាពលរដ្ឋ​​ត្អូញត្អែរ​ពី​ការ​លំបាក​​ខ្លាំង ក្នុង​ការ​​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ប្រមាណ​៣២​ ​​គីឡូ​ ​​ភ្ជាប់​ពី​ ស្រុក​សន្ទុក ​ទៅ​ស្រុក​សណ្ដាន់

1115

កំពង់ធំ ៖ ប្រជាពលរដ្ឋ បាននិយាយថា កំណាត់ផ្លូវលំប្រមាណ៣២គីឡូម៉ែត្រ ពីភូមិត្រពាំងឫស្សី ឃុំក្រយារ(ក្រយៀរ) ស្រុកសន្ទុក ទៅភូមិខោស ឃុំទំរីង កាន់តែខូចខាតខ្លាំងជាមុន ដោយសារ រថយន្តធន់ ធំ ផ្ទុកលើសទម្ងន់ ធ្វើចរាចរលើកំណាត់ផ្លូវនេះ ជាច្រើនគ្រឿងក្នុង១ ថ្ងៃៗ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា ដោយគ្មានសមត្ថកិច្ចណាអើពើ និងមានវិធានការនោះ ទេ។

ប្រជាពលរដ្ឋ បានបន្តថា កាលពីរដូវវស្សា កន្លងទៅ ក្នុងឆ្នាំ២០១៦ កំណាត់ផ្លូវលំនេះ នៅកន្លែងខ្លះ បែកភក់ និងរណ្ដៅជ្រៅៗ ហើយកន្លែងខ្លះទៀត មានទឹកហូរកាត់ ដូចអូរ ប្រឡាយ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងធ្វើដំណើរជាខ្លាំង និងកាត់ផ្ដាច់ចរាចរ ទាំងស្រុងតែម្ដងនៅពេលខ្លះ ប៉ុន្តែនៅរដូវប្រាំង និងរដូវវស្សាឆ្នាំ២០១៧នេះ កំណាត់ផ្លូវលំនេះ កាន់តែខូចធ្ងន់ទៅៗ ដែលធ្វើពួកគាត់ជួបការលំបាក ក្នុងការធ្វើដំណើរ ប៉ុន្តែ កាលនៅចុងរដូវ វស្សាឆ្នាំ២០១៦ ពួកគាត់ទទួលដំណឹង អាជ្ញាធរថា កំណាត់ផ្លូវនេះ នឹងត្រូវជួសជុល ឡើងវិញ នៅដើមរដូវប្រាំងឆ្នាំ២០១៧ ដោយកងកម្លាំងវិស្វកម្ម ប៉ុន្តែរហូតមកដល់នេះ ដល់រដូវវស្សាវិញហើយ មិនទាន់មានឃើញសកម្មភាពកសាងនោះទេ។

លោកអភិបាលស្រុកសណ្ដាន់ ឡង គីសឹង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គាត់មិនដឹងពីមូល ហេតុច្បាស់លាស់ ពីអាក់ខាន កសាងកំណាត់ផ្លូវនេះទេ ប៉ុន្តែគាត់យល់ថា គេនឹងធ្វើ ជាបន្តបន្ទាប់ ដោយនៅរដូវប្រាំងឆ្នាំ២០១៧នេះ គឺ ផ្លូវលំខ្សែ២ សុទ្ធតែជាផ្លូវអាទិភាពនោះ ត្រូវបាន និងកំពុងសាង គឺផ្លូវពីឃុំខ្លែង និងផ្លូវពីចំណុចពងទឹក ឃុំមានរិទ្ធ ទៅឃុំទំរីង។

សម្រាប់លោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក មិនប្រាប់អ្នកសារព័ត៌មាន ដូច ម្ដេចនោះទេ ដោយលោកអះអាងថា លោកជាប់ប្រជុំ នៅខេត្ត៕

btvnews (17-06-2017(3))