ក្រុមហ៊ុន​ធ្វើ​ផ្លូវ​បេតុង​ និង​ដាក់លូ ​បង្ខំចិត្ត​កាយ​លូ​ចេញ​វិញ​ ក្រោយ​ម្ចាស់ផ្ទះ​មិន​ព្រម​បង់លុយ

466

បន្ទាយមានជ័យ ៖ ក្រុមហ៊ុនធ្វើបេតុង និងដាក់លូ អេស ស៊ី អ (SCR) បានបង្ខំចិត្តកាយយកលូចេញពីក្នុងដីវិញ បន្ទាប់ពីក្រុមម្ចាស់ផ្ទះត្រង់គោលដៅដាក់លូ បដិសេធមិនព្រមបង់ទូទាត់លុយដូចការសន្យា។ ចំណែកភាគីប្រជាពលរដ្ឋ បានសំដែងក្តីបារម្ភថា នឹងស្ទះទឹកស្អុយ និងទឹកភ្លៀងជាមិនខាន។

ភាពប្រទូសរ៉ាយគ្នានេះ បានកើតឡើងកាលពីថ្ងៃទី១៨ និង១៩ ខែមិថុនា នេះ នៅចំណុចផ្លូវខាងត្បូងហាងសាំង និងផ្លូវទៅសាលាសង្កាត់ប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ១។

តំណាងក្រុមហ៊ុនធ្វើផ្លូវបេតុង អេស ស៊ី អ (SCR) បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនយកអេស្ការវ៉ាទ័រ កាយលូយកវិញនេះ គឺធ្វើដោយបង្ខំចិត្ត និងគ្មានជម្រើស។ គឺឆ្អែតចិត្តនឹងប្រជាពលរដ្ឋ ដែលបានចុះកិច្ចសន្យាបង់លុយ តែបែរជាមិនបង់ទៅវិញ។ ម្ចាស់ផ្ទះផ្សេងបានបង់ តែនៅប្រវែងប្រហែល៥០ម៉ែត្រនេះ មិនព្រមបង់ថ្លៃធ្វើផ្លូវបេតុងនោះទេ។ ក្រុមហ៊ុន និងអាជ្ញាធរភូមិសង្កាត់ បានជួយសម្របសម្រួលដែរ តែមិនបានផល។

តំណាងក្រុមហ៊ុន បានបន្តថា បើទោះជាផ្លូវទឹកប៉ែកខាងកើត ត្រូវបានបិទ ដោយសារការកាយយកលូមកវិញក៏ដោយ តែនៅមានផ្លូវទឹកហូរទៅខាងលិចមួយទៀត វាមិនស្ទះទឹកស្អុយ និងទឹកភ្លៀងទេ។

ប្រជាពលរដ្ឋផ្សេងទៀត ដែលបង់លុយ និងឯកភាពជាមួយក្រុមហ៊ុនរួចហើយ បានព្រួយបារម្ភពីការបិទមុខទឹកនេះ។ ពួកគេស្នើឲ្យក្រុមហ៊ុន ដែលខឹងពលរដ្ឋពីរគ្រួសារដែលចចេសមិនព្រមបង់លុយនោះ កុំធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលសហការល្អ នឹងក្រុមហ៊ុន។

ពលរដ្ឋភាគច្រើន បានទទូចឲ្យពលរដ្ឋពីរគ្រួសារនោះ ចរចានឹងក្រុមហ៊ុនរកដំណោះស្រាយឈ្នះឈ្នះ ចៀសវាងបង្ករំខាន និងខូចប្រយោជន៍អ្នកដទៃ។ ព្រោះថា ការកាយយកលូចេញនេះ នាំឲ្យខាតបង់ទាំងសងខាង។ ប៉ុន្តែប្រភពស្និទ្ធនឹងម្ចាស់ផ្ទះមិនឲ្យលុយ បានឲ្យដឹងថា មូលហេតុដែលម្ចាស់ផ្ទះនោះមិនព្រមបង់លុយថ្លៃធ្វើផ្លូវបេតុង និងដាក់លូនេះ មកពីខាងក្រុមហ៊ុន មិនបានចរចានាំឲ្យឈានដល់ការព្រមព្រៀងតម្លៃគ្នាមុន ហើយក៏ចុះធ្វើដោយចិត្តឯង៕

photo_2017-06-19_19-47-42