ព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវ​បាន​តែង​តាំង​ជា​រាជទាយាទ​ថ្មី​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

233
ព្រះអង្គម្ចាស់ Mohammed bin Salman

អារ៉ាប៊ីសាអូឌីត៖ យោងតាមព្រះរាជក្រឹត្យមហាក្សត្រដែលចេញនៅថ្ងៃពុធ ទី២១ ខែមិថុនានេះឲ្យដឹងថា រាជទាយាទរបស់អារ៉ាប៊ីសាអូឌីត Mohammed bin Nayef ត្រូវបានដកចេញពីតំណែង និងដាក់ជំនួសមកវិញដោយព្រះអង្គម្ចាស់ Mohammed bin Salman ព្រះជន្ម ៣១ព្រះវស្សាដែលជាបុត្រាទី២ របស់ព្រះមហាក្សត្រ Salman ជាព្រះមហាក្សត្របន្ទាប់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានផ្សព្វផ្សាយព្រះរាជក្រឹត្យដែលថា ព្រះអង្គម្ចាស់ Mohammed bin Salman នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី និងរក្សាតំណែងនៅក្រសួងការពារជាតិ និងតំណែងផ្សេងទៀត។ ព្រះអង្គម្ចាស់ Mohammed bin Nayef ដែលកាន់មុខតំណែងជាប្រធានអង្គភាពប្រឆាំងភេរវកម្មរយៈពេលជាច្រើនឆ្នាំរបស់អារ៉ាបីសាអូឌីត ដែលបានប្រឆាំងទៅនឹងយុទ្ធនាការបំផ្ទុះគ្រាប់បែករបស់ក្រុមអាល់កៃដាក្នុងឆ្នាំ2003-06 ត្រូវបានដកចេញពីតំណែងគ្រប់ផ្នែកទាំងអស់។

រាជទាយាទថ្មី Mohammed bin Salman អង្គនេះ នឹងទទួលខុសត្រូវសម្រាប់ការដឹកនាំសង្គ្រាមរបស់អារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេមែន ដែលនឹងត្រូវដោះស្រាយគោលនយោបាយដ៏មានឥទ្ធិពល ដែលពោពេញដោយភាពជំពាក់ជំពិនជាច្រើន និងគម្រោងនានាសម្រាប់ព្រះរាជាណាចក្រ ដើម្បីស្ថាបនាប្រទេសសំបូរប្រេងមួយនេះ៕
អត្ថបទ៖ សុខមាន