​ឆ្នាំនេះ​​រមណីយដ្ឋាន​ស្ទឹង​ជីនិត ​អំណោយ​ផល​ដល់​ភ្ញៀវ​ទេសចរ​​​ ​មកលេង​កម្សាន្ត​​ មួយ​ឆ្នាំ​ពេញ​​

1432

 

កំពង់ធំ ៖ នៅឆ្នាំ២០១៧នេះ រមណីយដ្ឋានទំនប់បង្ហៀរទឹកស្ទឹងជីនិត បានអំណោយផល ដល់ភ្ញៀវទេសចរ មកលេងកម្សាន្តមួយឆ្នាំពេញ ទាំងក្នុងរដូវវស្សា និងរដូវប្រាំង ដោយសារតែមាន ទឹកភ្លៀង ធ្លាក់ច្រើន តាំងពីចុងរដូវប្រាំង ក្នុងអំឡុងខែ ឧសភាមកនោះ ដោយខុសពីឆ្នាំមុនៗ ដែលរមណីយដ្ឋាន នេះ មានទឹកគ្រប់គ្រាន់សម្រាប់ឲ្យភ្ញៀវមកលេងកម្សាន្ត តែនៅរដូវវស្សាតែប៉ុណ្ណោះ។

រមណីយដ្ឋានស្ទឹងជីនិត ជាប្រព័ន្ធធារាសាស្ត្រដ៏ធំ១ ស្ថិតនៅភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ មានសក្ដានុពល ផ្នែកទេសចរណ៍ គឺមានទេសភាព តាមបែបធម្មជាតិ ដ៏ ស្រស់ ត្រកាល មានខ្យល់ជំនោរបរិសុទ្ធ មានទំនប់បង្ហៀរទឹកប្រមាណ៧០០ម៉ែត្រ និងកាំជណ្ដើរ សម្រាប់ត្រីឡើងពង និងសេវាកម្ម ម្ហូបអាហារ មានឱជារស និងតម្លៃសមរម្យទៀតផង។ ចំណែកភ្ញៀវ ដែលមកលេងកម្សាន្តនៅរមណីយដ្ឋាននេះ គឺលេងទឹក និងអង្គុយស្រោបយកខ្យល់ជំនោរបរិសុទ្ធ ដើម្បី លាងជម្រះអារម្មណ៍សៅហ្មងកន្លងទៅ។

លោក ផាន់ នី ប្រធានវិនិយោគទុន រមណីយដ្ឋានទំនប់ទឹកស្ទឹងជីនិតនេះ បាននិយាយឲ្យដឹង ថា នៅក្នុងគម្រោងប្លង់មេ របស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្ត គឺរមណីយដ្ឋាននេះ មានកសាងច្រើនទៀត តាមដំណាក់កាលនីមួយៗ ហើយកន្លងមក និងបច្ចុប្បន្ន លោកបានកសាង ជាបណ្ដើរៗ តាមផែនការនៃគម្រោង ដូចជាផ្ទះសំណាក់ បន្ទប់អនាម័យ ពង្រីកនូវប្រព័ន្ធបរិស្ថានល្អ ប្រកបដោយផាសុខភាព។

ចំណែកទាក់ទិននឹងភ្ញៀវទេសចរ លោក ផាន់ នី បានបញ្ជាក់ឲ្យដឹងថា នៅរមណីយដ្ឋាននេះ ភ្ញៀវទេសចរ មកលេងច្រើន គឺនៅរដូវវស្សា ជាពិសេស រដូវបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែនៅឆ្នាំនេះ គឺមាន ភ្ញៀវទេសចរ មកលេងច្រើនដែរ នៅក្នុងរដូវប្រាំង ដោយសារមានភ្លៀងច្រើន បង្កឲ្យមានទឹកហូរ លើ ទំនប់បង្ហៀរគ្រប់គ្រាន់ សម្រាប់ភ្ញៀវមកលេងកម្សាន្ត ហើយភ្ញៀវទេសចរភាគច្រើន ដែលមកលេង កម្សាន្តនៅទីនេះ ជារៀងរាល់ឆ្នាំ គឺភ្ញៀវទេសចរជាតិ ដែលអញ្ជើញមកពីក្នុងខេត្ត និងក្រៅខេត្ត។

លោក ផាន់ នី បានបញ្ជាក់ថា ចំណែកម្ហូបអាហារ នៅរមណីយដ្ឋាននេះ គឺមានអនាម័យ គុណភាព និងមានតម្លៃសមរម្យ ដែលភ្ញៀវទេសចរ អាចទទួលយកបាន ក្នុងនោះ រមណីយដ្ឋាន មិនហាម ភ្ញៀវ យកចំណីអាហារ មកពីខាងក្រៅនោះទេ ផ្ទុយទៅវិញរមណីយដ្ឋានមានតូប សម្រាប់ជួលឲ្យភ្ញៀវ សម្រាកទៀតផង៕

btvnews(22-06-2017(1))