យុវជន​វ័យក្មេង​ធ្លាក់​បាក់​ឌុប​ម្នា​ក់ ​នៅ​ខេត្តកំពង់ស្ពឺ ​មាន​សមត្ថភាព​បង្កើត​គ្រឿងចក្រ

304

កំពង់ស្ពឺ ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ឈ្មោះ ឌឹប បូរ៉ា មានលំនៅភូមិតាំងស្នោរ ឃុំសំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្លាក់ការប្រលងបាក់ឌុបកាលពីឆ្នាំទៅ តែមានគំនិតច្នៃប្រឌិត អាចបង្កើតគ្រឿងចក្រ បានដោយខ្លួនឯង ទាំងខ្លួនមិនបានឆ្លងកាត់ការសិក្សាផ្នែកជំនាញនេះ។

យុវជន ឌឹប បូរ៉ា បានថ្លែងប្រាប់ថា ដោយសារតែប្រលងធ្លាក់ និងមានជីវភាពមិនសូវធូរធារ ដូចគ្រួសារដទៃ ខ្លួនបានបោះបង់ការសិក្សាចោល ដើម្បីនៅជួយការងារឪពុកម្តាយនៅផ្ទះ។ ហើយ គិតថា ដោយសារខ្លួនមានគំនិត និងទេពកោសល្យច្នៃប្រឌិតគួរសម គាត់ក៏បានបង្កើតនូវគ្រឿងចក្រ ជារថយន្តតូចៗ ជាច្រើនប្រភេទ ពីដែកស័ង្កសីចាស់ៗ និងមួយចំនួនទៀតពីសម្ភារៈដែលគេបោះបង់ ចោល ដោយសម្រាប់ជាការកម្សាន្តផង និងបំបាត់ការអផ្សុកផង។ ហើយថ្មីៗមកនេះ គាត់ក៏បង្កើតបាន នូវអេស្កាវ៉ាទ័រ និងអាប៊ុលមួយចំនួន បំពាក់ដោយគ្រឿងយន្តខ្លះ ដែលអាចបញ្ជាបាន។

យុវជន ឌឹប បូរ៉ា បានបន្ថែមទៀតថា ខ្លួនមិនដែលបានទៅសិក្សាអំពីជំនាញអស់ទាំងនេះទេ តែការបង្កើតឡើងគឺកើតចេញពីការស្រមើស្រមៃរបស់ខ្លួនតែប៉ុណ្ណោះ ម្យ៉ាងទៀតដោយសារតែពេល ឃើញ គ្រឿងចក្រពិតប្រាកដគឺវាគួរឲ្យចាប់អារម្មណ៍ ហើយក៏ចងចិត្តបង្កើតវា ជារបស់លេងឲ្យដូចទៅនឹង របស់ពិតចេញពីស្នាដៃខ្លួនឯង។

ទាក់ទងនឹងការចំណាយ និងលក្ខណៈបច្ចេកទេស សម្រាប់ ការបង្កើតគ្រឿងចក្រតូចៗទាំង អស់នេះ យុវជន បូរ៉ា បានអោយដឹងថា ឡានបែន, សាស័រ ឬ អាឡូកិនដីតូចៗនេះ ក្នុងមួយគ្រឿង ចំណាយអស់ថវិកាធ្វើតែ ២ ឬ ៣ ពាន់រៀលប៉ុណ្ណោះ ដែលចាយលើជ័របិទ និងទិញរបស់របរចាស់ៗ បន្តិចបន្តួច តែលក់បានមកវិញក្នុងតម្លៃខ្ពស់គួរសម។ ហើយកន្លងមកនេះ គាត់ក៏ធ្លាប់បានលក់ចែក ចាយអោយទៅទីផ្សារក្មេងៗខ្លះៗដែរ ក្នុងតម្លៃពី១ម៉ឺនរៀល ទៅ២ម៉ឺនរៀលក្នុងមួយគ្រឿង។

ចំណែកឯបច្ចេកទេសវិញ បូរ៉ា ថា ប្រើប្រាស់តែទុយយោចាស់ៗ និងដែក រួមទាំងថ្នាំពណ៌សល់ៗ ពីគេមកលាបលម្អ និងមានឧបករណ៍បញ្ជា ដោយប្រើថ្មទូរស័ព្ទតូចៗ និង power bank ប៉ុណ្ណោះ។ លោក ឌឹប បូរី ជាឪពុករបស់យុវជន បូរ៉ា បានអោយដឹងដែរថា លោកមានកូនចំនួន៥នាក់ នៅក្នុងបន្ទុក ហើយ បូរ៉ា ជាកូនទី៥។ ដោយសារបញ្ហាសុខភាព បូរ៉ា មានជំងឺឧស្សាហ៍ ឈឺផងនោះ កូនរបស់គាត់មិនសូវបានទៅរៀនសូត្រជាប់ លាប់ទេ តែបូរ៉ាជាក្មេង ដែលមានគំនិតច្នៃប្រឌិត ធ្វើរបស់ របរលេងតូចៗ ហើយលោកក៏មិននឹកស្មានថា កូនរបស់ខ្លួនអាចមានសមត្ថភាពបង្កើតរបស់ ទាំងអស់ នេះបាននោះទេ ហើយថែមទាំដូចជារបស់ពិត និងអាចបញ្ជាបាននោះដែរ។ ហើយបើសិនជាមាន លទ្ធភាពលោកក៏ចង់អោយកូន បានរៀនសូត្រអោយចេះច្បាស់លាស់ នូវផ្នែកបច្ចេកទេសនេះដែរ។

សូមបញ្ជាក់ថា យុវជនខ្មែរវ័យក្មេងរូបនេះ សព្វថ្ងៃគាត់បង្កើតបានរបស់លេងតូចៗជាប្រភេទ ដែលមានដូចជា ឡានដឹកដី, ឡានបែន, សាស័រសម្រាប់ចូកដី, ឡានសណ្តោង, អាប៊ុលរួញដី អេស្កា វ៉ាទ័រ, រឺអាឡូកិនដី, និងរបស់ផ្សេងៗជាច្រើនទៀត។ យុវជន ឌឹប បូរ៉ា ចង់រៀនបន្ត តែខ្វះលទ្ធភាព ៕

bora bora1 bora3 bora2 bora4