សម្តេច​ប្រធានរដ្ឋសភា ជំរុញ​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ប្រទេស​ឡាវ ខិតខំ​រៀន​សូត្រ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​

345

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសំណេះសំណាល ស្វែងយល់សុខទុក្ខនិស្សិតកម្ពុជាចំនួន៦១នាក់ ដែលកំពុងសិក្សានៅប្រទេសឡាវ ព្រមទាំងបានជំរុញឲ្យនិស្សិតទាំងអស់ខិតខំរៀនសូត្រ ដើម្បីយកចំណេះទាំងនោះ មកបម្រើប្រទេសជាតិ។

ភ្នំពេញ៖ សម្តេច ហេង សំរិន បានជំរុញដូចនេះក្នុងឱកាសស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

សម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរចំពោះនិស្សិតកម្ពុជាទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតទទួលបានអាហារូបករណ៍ មកសិក្សានៅប្រទេសឡាវ។ សម្តេច បានលើកឡើងថា យុវជនកម្ពុជា នាពេលបច្ចុប្បន្ននេះ មានឱកាសច្រើនក្នុងការទទួលបានការអប់រំ ទាំងក្នុងប្រទេស និងក្រៅប្រទេស ខុសគ្នាពី យុវជនជំនាន់មុន ពិសេសជំនាន់សម្តេចតែម្តង ដែលកាលនោះ ការទទួលបានការសិក្សាមានការលំបាកណាស់។ លំបាកដោយសារប្រទេសមានសង្គ្រាម ជីវភាពពលរដ្ឋក្រីក្រ ហើយសាលារៀនក៏គ្មានគ្រប់គ្រាន់។

សម្តេចចក្រី បានលើកឡើងថា កម្ពុជាសព្វថ្ងៃនេះ គឺមានសន្តិភាពពេញលេញ បានផ្តល់ឱកាសងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ហើយនិស្សិត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ ក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិ។ ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រនៅក្រៅប្រទេសរបស់ យុវជនកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឧបត្ថម្ភដល់និស្សិតទាំងចំនួន៦១នាក់ម្នាក់ៗនូវថវិកា១០០ដុល្លារ ផងដែរ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយសម្ដេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៧នេះ៕