ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ​បាន​ខិតខំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​ទណ្ឌិត

68

បន្ទាយមានជ័យ ៖ មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនេះ ត្រូវបានយកចិត្តទុកដាក់ក្នុងការផ្តល់នូវការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជាទុនសម្រាប់ពេលពួកគេចាកចេញទៅវិញ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងពិធីបន្ធូរបន្ថយទោសទណ្ឌិត ចំនួន២៣នាក់ នៅថ្ងៃទី២៧ ខែមិថុនា នេះ បានថ្លែងថា ពន្ធនាគារខេត្តនេះ បានខិតខំជំរុញ និងពង្រឹងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកជាប់ឃុំ ដើម្បីឲ្យមានអាជីពសម្រាប់ប្រកបការងារសុច្ចរិត នៅពេលដែលពួកគេ ត្រូវបានលើកលែងទោសវិលត្រឡប់ទៅរស់នៅក្នុងសង្គមជាតិវិញ។

លោកប្រធានពន្ធនាគារ បានឲ្យដឹងថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន មានជនជាប់ឃុំ សរុប ចំនួន១ពាន់៣៥២នាក់ ស្រី១២១នាក់ ក្នុងនោះជនត្រូវចោទចំនួន២៨៤នាក់ ស្រី២៩នាក់។ជនជាប់ចោទ២៨៤នាក់ ស្រី២៦នាក់។ ពិរុទ្ធជនចំនួន៥៣១នាក់ ស្រី៣៨នាក់ និងទណ្ឌិត២៥៣នាក់ ស្រី២៨នាក់។ ក្នុងចំណោមនោះ មានជនជាតិថៃ១១នាក់ ស្រី១នាក់។ ជនជាតិវៀតណាម០៧នាក់ ស្រី០៥នាក់។ ជនជាតិឡាវ ចំនួន០១នាក់ ។ ជនជាតិចិនចំនួន០៥នាក់។ ហើយមានទោសពីករណីបទល្មើសគ្រឿងញៀន ចំនួន៧៥៦នាក់ ស្រី៨៨នាក់។

លោក បានបញ្ជាក់ថា ជំនាញដែលត្រូវបានផ្តល់ជូនជនជាប់ឃុំទាំងអស់ មានដូចជា ជំនាញកាត់ដេរ ជួសជុលម៉ូតូ អេឡិចត្រូនិច ជំនាញជាងឈើ ជំនាញបេតុង ដែក ជាងឆ្លាក់ កាត់សក់ និងកែសម្ផស្ស ជាដើម។

លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ បានស្នើជំរុញ និងពង្រឹងបន្ថែមឲ្យបានម៉ឺងម៉ាត់ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកជាប់ឃុំ ដើម្បីឲ្យពួកគេមានជំនាញ មានសង្ឃឹម នៅពេលណាពួកគេមានឥស្សរភាពពីការជាប់ឃុំ ហើយចេញទៅវិញមានចំណេះជំនាញ មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតបែបសុច្ចរិត ស្របច្បាប់ កុំប្រព្រឹត្តទោស ទណ្ឌជាថ្មី។

លោក បានលើកទឹកចិត្តទណ្ឌិត និងអ្នកជាប់ឃុំដទៃទៀត ត្រូវខិតខំអប់រំកែខ្លួនឲ្យបានក្លាយជាមនុស្សល្អឡើងវិញ ហើយមានវាសនាទទួលការបន្ធូរបន្ថយទោស និងលើកលែងទោស៕

tos bmc3 tos bmc2 tos bmc1 tos bmc