បុរស​រត់​លឿន​ដូច​សេះ Usian Bolt ឈ្នះ​ការ​រត់ ១០០​ម៉ែត្រ​នៅ​ព្រឹត្តិការណ៍ IAAF OstravaGolden Spike លើក​ទី​៥៦

159
កីឡាករ Usian-Bolt

រត់ប្រណាំង៖ បុរសរត់លឿនដូចសេះ Usian Bolt បានប្រជែងវ៉ាឈ្នះកីឡាករ Yunier Perez ក្នុងការប្រកួតលើវិញ្ញាសារត់ ១០០ម៉ែត្រនៅព្រឹត្តិការណ៍ Ostrava Golden Spike កីឡដ្ឋាន Mestsky សាធារណរដ្ឋឆេកកាលថ្ងៃពុធម្សិលម៉ិញនេះ។

កីឡាករអាហ្វ្រិកខាងត្បូង Wayde van Niekerk
កីឡាករអាហ្វ្រិកខាងត្បូង Wayde van Niekerk

បុរសវ័យ ៣០ឆ្នាំសញ្ជាតិចាម៉ៃការូបនេះមិនមានការលំបាកឡើយ ដោយគេបានយកឈ្នះជាមួយនឹងថេរៈវេលា ១០.០៦វិនាទីដើម្បីឆ្លងផុតខ្សែទីព្រ័ត្រ ពោលគឺបានយកឈ្នះចំនួន ០.០៣វិនាទីទៅលើកីឡាករគុយបាវ័យ ៣២ឆ្នាំ Yunier Perez។ គួររំលឹកថាសម្រាប់ Usian Bolt គឺជាម្ចាស់មេដាយមាសអូឡាំពិក ៨លើក និងជាជើងឯកពិភពលោក ១៣ដងនោះនឹងត្រូវបង្ហាញខ្លួននៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលគេរៀបចំឡើងនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសនៃព្រឹត្តិការណ៍ World Championship អំឡុងខែសីហាខាងមុខ។

ដោយឡែកឯការប្រកួតបន្តទៀតនេះគឺការប្រកួតរត់លើវិញ្ញាសា ៣០០ម៉ែត្រជ័យជំនះគឺបានធ្លាក់ទៅលើកីឡាករអាហ្វ្រិកខាងត្បូង Wayde van Niekerk ដោយប្រើពេល ៣០.៨១វិនាទី ពោលគឺបានបំបែកកំណត់ត្រាចាស់របស់ Michael Johnson របស់អាមេរិកដែលធ្វើបានពីមុនគឺ ៣០.៨៥ កាលឆ្នាំ២០០០។ ហើយគួររំលឹកដែរថាសម្រាប់ Van Niekerk នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងរីយ៉ូរដូវក្ដៅកន្លងទៅ ក៏គេបានយកឈ្នះផងដែរលើវិញ្ញាសា ៤០០ម៉ែត្រនឹងទទួលបានមេដាយមាសរួមជាមួយថេរៈវេលាកំណត់ត្រាថ្មី ៤៣.០៣វិនាទីបំបែកកំណត់ត្រាចាស់ដែលសាងកាលឆ្នាំ១៩៩៩ ដោយ Johnson ធ្វើបាន ៤៣.១៨វិនាទី៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ