កម្ពុជា នឹងក្លាយជាប្រទេសមានការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ឆាប់រហ័ស

56

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃកម្ពុជាបានលើកឡើងថា នៅពេលខាងមុខកម្ពុជា នឹងក្លាយជាប្រទេសមានសក្តានុពលមួយ ក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT) ជាក់ស្តែងចំនួននាក់ប្រើប្រាស់ទូរស័ព្ទចល័តកើនឡើងខ្ពស់ក្នុងនោះ ការប្រើប្រាស់ អ៊ិនធើណេត មានចំនួនរហូតដល់ទៅជាង៧លាននាក់។

មានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពីការវិវឌ្ឍបច្ចេកវិទ្យា 4GLTE នាព្រឹកថ្ងៃទី៣០ មិថុនានេះ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្នការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរសាច់ប្រាក់តាម ប្រព័ន្ធទូរស័ព្ទចល័តមានការកើនឡើង ទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកជំទាវ បន្តថា តាមរយៈការវិវត្តន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសឲ្យផ្សារភ្ជាប់ជាមួយ នឹងតម្រូវការរបស់ សាធារណជន និងស្របទៅតាមនិន្នាការថ្នាក់តំបន់ និងសកលលោក។

សូមបញ្ជាក់ បន្ថែមថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុនអាយឌីជី រៀបចំសិក្ខាសាលាស្តីពីការវិវឌ្ឍបច្ចេកវិទ្យា 4G LTE (Cambodia 4G LTE Conference 2017) ក្រោមប្រធានបទ សក្តានុពលរបស់បច្ចេកវិទ្យា 4G LTE ជំរុញឲ្យ មានការរីកចម្រើនផ្នែក Internet of Things ឧស្សាហកម្មទាំងមូល ដែលជាប្រធានបទមានសារៈសំខាន់មួយ ពិសេសសម្រាប់ស្ថានភាពបច្ចុប្បន្ននៃវិស័យឧស្សាហកម្មបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានកម្ពុជា។

សិក្ខាសាលានេះ នឹងផ្តោតសំខាន់លើប្រធានបទមួយចំនួន រួមមាន ការប្រែក្លាយបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យា4G និងគុណសម្បត្តិ និងគុណវិបត្តិនៃបច្ចេកវិទ្យា4Gក្នុងទីផ្សារកម្ពុជា។ ទាក់ទិននឹងសិក្ខាសាលានេះដែរ ក៏នឹងក្លាយជាឱកាសជួបជុំគ្នា រវាងបណ្តាក្រុមហ៊ុន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងស្រុក ដើម្បីពិភាក្សាគ្នាលើចំណុចសក្តានុពលនៃបច្ចេកវិទ្យាក្នុងការ ជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងស្វែងរកដៃគូពង្រីកទីផ្សារ៕