បន្លែ​ជិត​១៣​តោន​ ក្នុង​មួយថ្ងៃ ​នាំចូល​កម្ពុជា​ពី​ប្រទេស​វៀតណាម​ តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​

173

តាកែវ ៖ ជារៀងរាល់ថ្ងៃ បន្លែគ្រប់ប្រភេទប្រមាណ១៣តោន ត្រូវបាននាំពីប្រទេសវៀតណាមចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិភ្នំដិន ខេត្តតាកែវ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូល ខេត្តតាកែវ បានប្រាប់នៅថ្ងៃទី៣០ ខែមិថុនានេះថា បន្លែដែលបាននាំចូលមកនេះ មានដូចជា ប៉េងប៉ោះ ខាត់ណា ស្ពៃក្ដោប ស្ពៃតឿ ផ្កាខាត់ណា និងការ៉ុត ជាដើម។ បន្លែទាំងអស់ដែលនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ត្រូវបានមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយប្រសិនបើពិនិត្យឃើញថា បន្លែណាមួយមានផ្ទុកសាធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់គឺត្រូវបានហាមឃាត់មិនឲ្យធ្វើការនាំចូលនោះទេ។

លោកប្រធានសាខាកាំកុងត្រូល បានបន្តថា កន្លងមក មន្ត្រីកាំកុងត្រូល បានពិនិត្យឃើញមានសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើបន្លែបួនប្រភេទ រួមមាន ខ្ទឹមស ម្ទេស ផ្កាកាឆាយ និងស្លឹកខ្ទឹម។ បន្លែទាំងបួនប្រភេទនេះ ត្រូវបានហាមឃាត់មិនឲ្យនាំចូលមកលក់លើទីផ្សារប្រទេសកម្ពុជានោះទេ។ ក៏ប៉ុន្តែ បន្ទាប់ពីមានលិខិតបញ្ជាក់ពីអាជ្ញាធរវៀតណាម និងកសិដ្ឋានដាំបន្លែទាំងអស់នោះ ថាមិនមានសំណល់ថ្នាំសម្លាប់សត្វល្អិត រួមទាំងការពិនិត្យពីមន្ត្រីកាំកុងត្រូលផង បន្លែពីរប្រភេទ គឺខ្ទឹមស និងម្ទេស ត្រូវបានអនុញ្ញាតឲ្យនាំចូលមកជាធម្មតាវិញ។ ដោយឡែកបន្លែពីរប្រភេទទៀត មានផ្កាកាឆាយ និងស្លឹកខ្ទឹម នៅតែត្រូវបានហាមឃាត់មិនឲ្យនាំចូលដដែល។

បើតាមលោក ប៉ោ លាងគង់ បន្លែដែលត្រូវបាននាំចូលពីប្រទេសវៀតណាមច្រើនជាងគេ គឺស្ពៃតឿ ស្ពៃក្ដោប ស្ពៃខៀវ និងខ្ទឹមស រីឯបន្លែកម្ពុជាដែលនាំទៅលក់នៅប្រទេសវៀតណាមវិញ ស្ទើរតែគ្មានតែម្ដង។ ប៉ុន្តែរដូវខែស្វាយ ក្នុងមួយថ្ងៃ មានស្វាយកម្ពុជា នាំទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិភ្នំដិន ប្រមាណ៤រថយន្តទៅ៥រថយន្តធំ៕

phnamdin1 phnamdin phnamdin5 phnamdin3 phnamdin2