ក្រុមហ៊ុន​អាកាសចរណ៍ ​Emirate ​បើក​ការហោះហើរ​ត្រង់​ពី​កម្ពុជា ​ឌូបៃ

344

ភ្នំពេញ ៖ ក្រុមហ៊ុនយន្តហោះលំដាប់លើពិភពលោក Emirate Airline បានបើកសម្ពោធជើងហោះហើរត្រង់ ដោយដឹកជញ្ជូនអ្នកធ្វើដំណើរត្រង់រវាងក្រុងឌូបៃ ឆ្លងកាត់ទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា និងមុនហោះហើរត្រង់មកកាន់រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Emirates Airline បានឲ្យដឹងកំឡុងពេលការមកដល់របស់អាកាសចរណ៍នេះ កាលពីថ្ងៃទី១ កក្កដាថា ការពង្រីកជើងហោះហើរត្រង់ថ្មីមួយបន្ថែមនេះ គឺបានធ្វើឡើងបន្ទាប់ ប្រជាពលរដ្ឋមកពីប្រទេសអារ៉ាប់រួម បានចាត់ទុកកម្ពុជាថា ជាគោលដៅទេសចរណ៍ក្រេបច័ន្ទទឹកឃ្មុំ នៅខេត្តព្រះសីហនុ គោលដៅរៀបអាពាហ៍ពិពាហ៍ នៅខេត្តសៀមរាប និងគោលដៅទេសចរណ៍ នៃការរៀបចំប្រជុំ ឫ សន្និសីទអន្តរជាតិដ៏សំខាន់បំផុត។

លោក ធួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា យើងស្វាគមន៍ទាំងអស់ឲ្យតែមានការភ្ជាប់ជើងហោះហើរត្រង់ ទោះពីទីណាក៏ដោយ ព្រោះពេលមានការភ្ជាប់ជើងហោះហើរច្រើន ពេលណា យើងនឹងទទួលបានផលចំណេញលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

លោក បន្តថា ទាក់ទងនឹងការហោះហើរត្រង់ដោយផ្ទាល់របស់អាកាសចរណ៍លំដាប់ពិភពលោក Emirates Airline គឺជាការល្អប្រសើរ ព្រោះធ្វើឲ្យអ្នកដំណើរកាន់តែមានជម្រើសកាន់តែច្រើន ក្នុងការភ្ជាប់អ្នកដំណើរពីពិភពអារ៉ាប់ មកកម្ពុជា។

លោក បន្តថា ចំនួនភ្ញៀវមកពីទីក្រុងឌូបៃ និងពិភពអារ៉ាប់មកកម្ពុជា មានការកើនឡើង ប៉ុន្តែកម្ពុជាមិនទាន់មានសម្បទាទេសចរណ៍គ្រប់គ្រាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ដែលចំណាយប្រាក់ច្រើនមកពីពិភពអារ៉ាប់ នៅឡើយទេ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ការភ្ជាប់ជើងហោះហើរនេះធ្វើឲ្យកម្ពុជាចំណេញច្រើន ដែលការហោះហើរនេះ បានចុះចតនៅភូមា មុនឆ្ពោះមកកាន់កម្ពុជា ដែលជាឱកាសធ្វើឲ្យអ្នកធ្វើដំណើរ កាន់តែមានភាពងាយស្រួលធ្វើដំណើរមកកាន់កម្ពុជា ហើយក្រុមហ៊ុនអាកាសចរណ៍នេះ បានសិក្សាច្បាស់លាស់ណាស់ទើបភ្ជាប់ការហោះហើរត្រង់មកកម្ពុជា។ ឯកឧត្តម បន្តថា យើងសង្ឃឹមថាភ្ញៀវមកពីឌូបៃ ភ្ញៀវ អឺរ៉ុប និងភ្ញៀវភូមាមកកម្ពុជាច្រើន ព្រោះនៅឌូបៃ មានភ្ញៀវទេសចរណ៍អឺរ៉ុបច្រើនផងដែរ។

ឯកឧត្តម ថោង ខុន បានបន្តថា បច្ចុប្បន្នកម្ពុជា មានសម្បទាទេសចរណ៍គ្រប់គ្រាន់ ដើម្បីទទួលភ្ញៀវ ទេសចរណ៍ មកពីអារ៉ាប់ គ្រប់គ្រាន់ហើយ ដោយនៅរាជធានីភ្នំពេញ មានសណ្ឋាគាររ៉ាហ្វល ដែលបានទិញដោយថៅកែអារ៉ាប់ ខណៈដែលចំនួនភ្ញៀវអារ៉ាប់ មកកម្ពុជាកំពុងកើនឡើង៕

emirates emirates2 emirates3