ក្រុមប្រឹក្សា​ចៅសង្កាត់​នានា ត្រូវ​បាន​ប្រកាស​ចូលកាន់​តំណែង​ហើយ

761

ក្រោយការបោះឆ្នោត និងប្រកាសលទ្ធផលជាផ្លូវការ សមាសភាព នៃក្រុមប្រឹក្សាសង្កាត់ ប្រធានក្រុមប្រឹក្សា ចៅសង្កាត់ជាប់ឆ្នោតអាណត្តិទី៤ ត្រូវបានប្រារព្ធពិធីប្រកាសចូលកាន់ដំណែងជាបន្តបន្ទាប់។

ភ្នំពេញ៖ ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៣ ខែកក្កដានេះ សង្កាត់អូរឫស្សីទី៤ រាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសទទួលស្គាល់ជាផ្លូវការក្នុងកិច្ចប្រជុំដំបូង ដើម្បីប្រកាសសមាសភាព ក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រងទី២ និងទី២ ក្រោមវត្តមានលោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសទទួលស្គាល់នេះ សមាសភាពជាប្រធានក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា មាន៧រូប ក្នុងនោះ មកពីគណបក្សប្រជាជនកម្ពុជា ៤រូប និងគណបក្សសង្គ្រោះជាតិ៣រូប។ សមាសភាពទាំងនេះ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ បានទទួលស្គាល់លោក អៀង សុខឃីម ជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់, លោក ទីង សុផាន់ណា ចៅសង្កាត់រងទី១, លោក ទេព ច័ន្ទសុខខៃយ៉ា ជាចៅសង្កាត់រងទី២។

លោក លឹម សុភា បានណែនាំដល់មន្ត្រីនៃក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងចៅសង្កាត់រង ដែលទើបតែងតាំងថ្មី ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យរីកចម្រើនក្នុងរយៈពេល៥ឆ្នាំតទៅទៀត។

លោក អភិបាលបន្តថា កិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ត្រូវបន្តឱ្យបានសកម្មប្រកបដោយគុណភាព ដើម្បីជាប្រយោជន៍សាធារណៈ និងការពេញចិត្តរបស់ប្រជាពលរដ្ឋដែលជាម្នាស់ឆ្នោត ជាពិសេសត្រូវគោរពឱ្យបានតាមការសន្យារបស់ខ្លួន ដូចជាការធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងសង្កាត់ឱ្យបានល្អប្រសើរ តាមរយៈការប្រជុំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យរហ័សទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕