សមត្ថកិច្ច​ចរាចរណ៍​ នឹង​ផាក​ពិន័យ​ម្ចាស់​យានយន្ត​ដែល​ចត​រថយន្ត​បញ្ច្រាសទិស​ និង​ចត​គ្មាន​របៀប

110

ភ្នំពេញ ៖ សមត្ថកិច្ចចរាចរណ៍ នឹងចាប់ផ្តើមផាកពិន័យដល់ម្ចាស់យានយន្តណា ដែលបានចតរថយន្តបញ្ច្រាសទិសចរាចរណ៍ និងចតគ្មានរបៀបរៀបរយ ដែលបង្កអោយកក់ស្ទះចរាចរណ៍ ពិសេស គឺចតនៅលើផ្លូវនៃបរិវេណហាងផ្សេងៗជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ថា មិនយូរប៉ុន្មានទៀតទេ ច្បាប់ចរាចរណ៍ផ្លូវគោក នឹងអនុវត្តនូវការផាកពិន័យ រាល់ម្ចាស់យានយន្តណាដែលបានចតរថយន្តរបស់ខ្លួននៅលើដងផ្លូវបញ្ច្រាស នឹងទិសចរាចរណ៍ និងចតគ្មានរបៀបរៀបរយ នោះសមត្ថកិច្ចចរាចរណ៍ នឹងចាប់ផ្តើមផាកពិន័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាប់បន្តទៀតថា ការផាកពិន័យនេះ នឹងកិប ក្រដាសផាកពិន័យនៅលើរថយន្តផ្ទាល់តែម្តង ហើយម្ចាស់យានយន្តទាំងអស់នៅពេលឃើញក្រដាសផាកពិន័យនេះហើយ ត្រូវទៅបង់ការផាកពិន័យនេះ តាមការណែនាំនៅក្នុងក្រដាសនោះជាដាច់ខាត។

ឯកឧត្តម បន្តថា ធ្វើបែបនេះ ដើម្បីអោយគន្លងផ្លូវទាំងអស់បានធំទូលាយ និងមិនកក់ស្ទះចរាចរណ៍ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវអោយប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមអោយបានគ្រប់ៗដើម្បីអោយដំណើរការនៃច្បាប់ទទួលនូវភាពជោគជ័យ និងមិនមានការកក់ស្ទះច្រើនតទៅទៀតនៅលើដងផ្លូវ។

តែទោះជាយ៉ាងណា ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា មិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ទេថា គម្រោងផាកពិន័យនេះនឹងធ្វើនៅពេលណា៕

btvnews(1-03-2016()) btvnews(02-03-2016(2))

run rath veasna