កិច្ចប្រជុំ​លើក​ទី​៣​ របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC)

90

ភ្នំពេញ ៖ កិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម គ្រីស្តូហ្វឺរ ម៉ុនតេរ៉ូ (Christopher B. MONTERO) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាប្រធាន នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌល និងបានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីតំណាងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ លេខាធិការដ្ឋានអាស៊ាន និងនាយកប្រតិបត្តិបណ្ដោះអាសន្នមជ្ឈមណ្ឌល ARMAC

កិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់លើដំណើរការរបស់មជ្ឈមណ្ឌល រួមមាន ការពិនិត្យលើសំណើកែសម្រួលថវិកាដំណើរការប្រចាំឆ្នាំ២០១៧ ផែនការការងាររបស់មជ្ឈមណ្ឌលសម្រាប់ឆ្នាំ២០១៧២០១៨ និងដំណើរការជ្រើសរើសនាយកប្រតិបត្តិ។ ក្នុងនាមម្ចាស់ផ្ទះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ថវិកាទាំងស្រុងសម្រាប់ដំណើរការរបស់មជ្ឈមណ្ឌលក្នុងរយៈពេល២ឆ្នាំដំបូង (២០១៧២០១៨)

សូមរំឭកឡើងវិញថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនគឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំឡុងពេលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅឆ្នាំ២០១២។ ទីស្នាក់ការនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់ សកម្មភាពមីនត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីតំណាងបេសកកម្មការទូត និងអង្គការពាក់ព័ន្ធ។

ក្នុងពេលរង់ចាំការជ្រើសរើសនាយកប្រតិបត្តិជាផ្លូវការ នាយកប្រតិបត្តិបណ្ដោះអាសន្នបានចូលបម្រើការងារចាប់តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

មជ្ឈមណ្ឌល ARMAC កំពុងដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់អារម្មណ៍ ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកទឹកចិត្តឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ៕