អ្នក​ជំនាញ​អចលនទ្រព្យ​ថា​ គម្រោង​ពុះ​ដីឡូត៍​ផ្តល់​ឱកាស​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រោម​មធ្យម

152

ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យថា គម្រោងពុះដីឡូត៍លក់បានផ្តល់ឱកាសច្រើន សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម និងក្រោមមធ្យម។

លោក ឡាយ សំណាង ម្ចាស់គម្រោងភូមិឋានសំណាង ដែលកំពុងពុះដីឡូត៍លក់នៅជាយរាជធានីភ្នំពេញ បានថ្លែងថា កំណើននៃគម្រោងវិនិយោគពុះដីឡូត៍លក់នៅជាយរាជធានីភ្នំពេញជាសញ្ញាមួយដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម និងអ្នកមានចំណូល ក្រោមមធ្យមកម្រិតទាបអាចមានលំនៅឋានរស់នៅសមរម្យនាពេលអនាគត។

លោក បានបន្តទៀតថា គុណសម្បត្តិនៃគម្រោងពុះដីឡូត៍គឺ អាចផ្តល់ឱកាស ដល់ប្រជាពលរដ្ឋអាចសន្សំ ប្រាក់ប្រចាំខែបាន ប៉ុន្តែទន្ទឹមនោះអ្នកទិញដីឡូត៍គួរមានការប្រុងប្រយ័ត្ន ចំពោះគម្រោងនីមួយៗ ឲ្យបានច្បាស់លាស់ជាមុនសិន មុនសម្រេចចិត្តទិញ។ លើសពីនេះ លោក បានបន្ថែមថា គម្រោងដីឡូត៍ នៅតាមបណ្តាខណ្ឌមួយចំនួននៅជាយរាជធានីភ្នំពេញកំពុងតែមានកំណើនច្រើន និងផ្តល់ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមានជីវភាពមធ្យមកម្រិតទាប។

សម្រាប់ លោក សេង យុត អាយុ ៥៨ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្តែងនូវសុទិដ្ឋិនិយមថា គម្រោងពុះដីឡូត៍លក់រាល់ថ្ងៃនេះមិនត្រឹមតែផ្តល់ឱកាសដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឲ្យពួកគាត់អាចសន្សំថវិកាយកទៅបង់រំលោះ ដែលនៅពេលខាងមុខអាចក្លាយជាម្ចាស់កម្មសិទ្ធិថែមទៀត ។

ចំណែក លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យ បានថ្លែងថា មូលហេតុ ដែលមានគម្រោងពុះដីឡូត៍លក់នោះ ដោយសារតែការលក់ដុំមិនមានអតិថិជនទិញ ប៉ុន្តែបើពុះដីឡូត៍លក់វិញមានទីផ្សារច្រើនគួរសមសម្រាប់ពេលបច្ចុប្បន្ន។

អ្នកជំនាញបន្ថែមទៀតថា តាមការសិក្សាអ្នកមានជីវភាពមធ្យមគឺមានលំនៅឋានរួចរាល់ហើយ ប៉ុន្តែសម្រាប់ទីផ្សារអតិថិជនស្ថិតក្រោមមធ្យមវិញជាទីផ្សារល្អមានកំពុងតែមានតម្រូវការនៅឡើយ។

យោងតាមមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ធ្លាប់លើកឡើងថា គម្រោងពុះដីទ្បូត៍លក់សុទ្ធតែមានប្រព័ន្ធផ្លូវលូតាមក្បួនខ្នាតត្រឹមត្រូវ ដែលផ្លូវមានទំហំចាប់ពី ៧ ទៅ ១០ ម៉ែត្រ ប៉ុន្តែក្រសួងបានកំណត់ទំហំផ្លូវ ១០ ម៉ែត្រ ហើយប្រព័ន្ធលូសុទ្ធតែភ្ជាប់ជាមួយប្រព័ន្ធលូសាធារណៈផងដែរ។

សម្រាប់អ្នកជំនាញ បញ្ជាក់ទៀតថា គម្រោងពុះដីឡូត៍មិនមានអ្វីគួរឲ្យព្រួយបារម្ភពីបញ្ហានេះនោះទេ ផ្ទុយទៅវិញជួយសម្រួលដល់អ្នកមានជីវភាពក្រោមមធ្យម ព្រោះដីពុះទ្បូត៍លក់សុទ្ធតែមានប្លង់ពីមន្ទីរសុរិយោដីច្បាស់លាស់ និងមានការចុះបញ្ជីផ្តល់កម្មសិទ្ធិរឹងមាំផ្តល់ជូនប្រជាពលរដ្ឋ៕

land sell2 land sell1