រដ្ឋ​មន្ត្រីក្រសួង​សាធារណ​ការចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៥៥

59

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៥ ដែលកំពុងសាងសង់ និងជួសជុលឡើងវិញដោយក្រុមហ៊ុនសាជីវកម្មស្ថានថ្នល់ចិន (CRBC)

ផ្លូវនេះ មានប្រវែងសរុបចំនួន១៨២+១៦៦គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចី សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ១៣២លាន ពីរសែនដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវជាតិលេខប្រាំ តំបន់ក្រវាញរហូតដល់ស្រុកវាលវែង ឃុំថ្មដា ជាប់ព្រំដែនកម្ពុជាថៃ មានទិសចរាចរណ៍ចំនួនពីរគន្លង។

គម្រោងផ្លូវនេះ បានចាប់ដំណើរការបើកការដ្ឋានសាងសង់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ និងគ្រោង នឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដោយរហូតមកដល់ពេលនេះក្រុមហ៊ុន សាងសង់សម្រេចបានប្រមាណ៨៥ភាគរយហើយ។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវនេះ ជាសរសៃឈាម សេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ ការតភ្ជាប់ ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល និងឆាប់រហ័ស និងរួមចំណែកដល់ការប្រែក្លាយតំបន់សក្ដានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់កម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

ជាពិសេសជាងនេះទៅទៀត ផ្លូវនេះ ជួយធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ៕

sun chanthul sun chanthul2 sun chanthul3 sun chanthul4