ប្រជាជន​ខេត្តស្វាយរៀង​ សម្រេច​ផលិត​ស្រូវវស្សា​ដើម​រដូវ​បាន​ជិត​៤០​ភាគរយ

101

ស្វាយរៀង ៖ ដោយមានអំណោយផលទឹកភ្លៀងដើមរដូវវស្សា គួបផ្សំទៅ នឹងប្រព័ន្ធធារាសាស្ត្រតូចធំ មាននៅស្ទើរគ្រប់តំបន់ក្នុងខេត្តផងនោះ ប្រជាកសិករ បានចាប់ផ្តើមបង្កបង្កើនផលជាបណ្តើរៗហើយ ដោយសម្រេចបានជិត៤០ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឲ្យដឹងកាលពីថ្ងៃទី១០ ខែកក្កដា ម្សិលម៉ិញថា ដោយមានទឹកភ្លៀងស្រោចស្រពលើផ្ទៃដីគ្រប់ ភូមិ ក្នុងឃុំ សង្កាត់ ទាំង ៨០ របស់ខេត្ត ក្រុមកសិករ មកទល់ពេលនេះ សម្រេចភ្ជួររាស់សាបព្រោះបុកដាំស្រូវដើមរដូវ បានប្រមាណ៥ម៉ឺន ហិកតា ស្មើនឹងជិត៤០ភាគរយ នៃផែនការផលិតស្រូវគ្រប់ប្រភេទ១៦ម៉ឺន៥ហិកតា។

លោក បានឲ្យដឹងថា ស្រុក ក្រុង ដែលក្រុមកសិករផលិតស្រូវមានភាពលឿនជាងគេ គឺស្រុក រមាសហែក ស្វាយជ្រំ ឯស្រុក ក្រុង ចំនួន០៦ទៀត មានភាពយឺតយ៉ាវបន្តិច ដោយទឹកភ្លៀងមិនទាន់គ្រប់ តម្រូវការផលិតស្រូវ។

លោក បានបន្តថា ទន្ទឹម នឹងការងារផលិតផលស្រូវនៅដើមរដូវនេះដែរ ក្រុមកសិករមួយចំនួន ពិសេស ក្រុមកសិករនៅក្នុងសហគមន៍ផលិតបន្លែ បានសម្រុកដាំដំណាំរួមផ្សំបានជាងពីរពាន់ហិកតា ដើម្បីបម្រើការហូបចុកក្នុងគ្រួសារ និងបម្រើទីផ្សារក្នុង និងក្រៅខេត្ត។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ដោយទីផ្សារក្នុងនិងក្រៅស្រុកធ្លាក់ថ្លៃ ក្រុមប្រជាកសិករដែលធ្លាប់ចិញ្ចឹមជ្រូក បានបន្តការបោះបង់ការចិញ្ចឹមជ្រូកជាបណ្តើរៗហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបញ្ចៀសការខាតបង់ ដោយសារមានការអនុញ្ញាតឲ្យនាំចូលជ្រូកច្រើនពីប្រទេសជិតខាង ខណៈជ្រូកនៅក្នុងស្រុកសល់លក់មិនចេញ ។

ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានទីផ្សារស្រូវល្អផង មិនសូវល្អផង ក្រុមកសិករគោលដៅដែលមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ បានធ្វើស្រែបង្កើនរដូវបន្ថែមពីលើស្រូវប្រដេញទឹក និងស្រូវប្រាំងលើសផែនការផលិត ជាងពីរម៉ឺនហិកតា ទោះជួបវិបត្តិតម្លៃស្រូវបន្តិចក្តី ក៏កសិករនៅតែបន្តប្រពៃណីធ្វើស្រូវ ឆ្លើយតបទៅ នឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាចំណងដៃនូវប្រឡាយទឹកគ្រប់តំបន់៕

rice svayreng rice svayreng1 rice svayreng2