ក្រុមហ៊ុន​សាងសង់​សិង្ហបុរី ​បង្ហាញ​ភាពជឿជាក់​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​ មាន​ភាព​ល្អប្រសើរ

115

ភ្នំពេញ ៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យសំណង់នៅកម្ពុជា ក្រុមហ៊ុនសាងសង់មកពីប្រទេសសិង្ហបុរី បានបង្ហាញពីភាពជឿជាក់ទៅដល់រដ្ឋាភិបាលកម្ពុជា ពិសេសប្រមុខថ្នាក់ដឹកនាំដែលបានគៀង គរអ្នកវិនិយោគជាច្រើនមកធ្វើការបណ្តាក់ទុន ក៏ដូចជាបង្កើតគម្រោងនានានៅក្នុងស្រុកកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោក គួច លេងឃាង ប្រធានផ្នែកទំនាក់ទំនង និងយុទ្ធសាស្ត្រផ្នែកទីផ្សារនៃក្រុមហ៊ុន ខេមហូម (Camhome) ដែលវិនិយោគលើគម្រោងឌីស៊ីវីយូ (D’Seaview) នៅក្រុងព្រះសីហនុ បានមានប្រសាសន៍ប្រាប់ថា តាមការកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កម្ពុជា មានការរីកចម្រើនខ្លាំងមែនទែន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ទឹក ភ្លើង និងផ្លូវថ្នល់ជាដើម។ជាងនេះ ទៅទៀតនៅថ្ងៃខាងមុខ កម្ពុជានឹងមានផ្លូវហៃវ៉េ ដ៏ស្អាតបន្ថែមទៀតពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលផងដែរ។

ទាក់ទិននឹងការសាងសង់អគារពាណិជ្ជកម្ម ឌីស៊ីវីយូ លោក គួច លេងឃាង បានបញ្ជាក់ថា គំរោងនេះជាការអភិវឌ្ឍចម្រុះផ្នែកអគារលំនៅឋាន និងអគារពាណិជ្ជកម្មដំបូងនៅកម្ពុជា ស្ថិតនៅលើផ្ទៃដីកម្មសិទ្ធិទំហំជិត១ពាន់ម៉ែត្រ។ គំរោងនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីឆ្នេរសុខា ដែលជាឆ្នេរខ្សាច់ ដ៏ស្អាតបំផុតនៅខេត្តព្រះសីហនុ។

លោក បានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០០៨មកក្រុមហ៊ុននេះ បានពង្រីកទីតាំងវិនិយោគមកកាន់ប្រទេសកម្ពុជា។ ម៉ាកសញ្ញាផ្នែកអចលនទ្រព្យមួយហៅថាខេមហូម ត្រូវបានបង្កើតឡើងដើម្បីផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានប្រកបដោយគុណភាព តម្លៃសមរម្យសម្រាប់គូរស្រករ និងសហគ្រិនវ័យក្មេងដែលមានទីតាំងចាប់ពីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិCBRE Cambodia បានថ្លែងថា ទីផ្សារខុនដូ នៅកម្ពុជានៅតែមានការលក់ល្អប្រសើរ សម្រាប់គំរោងដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម ប៉ុន្តែគំរោងដែលមានតំលៃថ្លៃ និងផ្តោតលើអ្នកមានជីវភាពធូរធារមានការលក់យឺតបន្តិច ធៀប នឹងឆ្នាំមុន។អ្នកនាង បន្តថា ជាក់ស្តែងចំនួនខុនដូផ្គង់ផ្គង់ចូលទីផ្សារឆ្នាំនេះ មានការព្យាករណ៍ថានឹងមានចំនួនកើនឡើងដល់៧០០០យូនីត បន្ថែមទៀត ដែលធ្វើឲ្យចំនួនខុនដូដែលដាក់ចូលទីផ្សាររហូតដល់ដំណាច់ឆ្នាំនេះ កើនឡើងដល់ប្រមាណ១២០០០យូនីត។

អ្នកនាង បន្តថា ទោះជាយ៉ាងណាគំរោងខ្លះអាចពន្យាពេលសាងសង់ ឬដាក់ចូលទីផ្សារយឺត ប៉ុន្តែការព្យាករណ៍របស់យើងគឺចំនួនខុនដូ នឹងកើន៧ពាន់យូនីតបន្ថែម។ ចំណែកចំនួននៃការលក់មានការលំបាក ក្នុងការប្រមូលទិន្នន័យបន្តិច ដោយសារម្ចាស់គំរោងនីមួយៗមិនសូវបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ៕

cam home2 cam home1