នាយករដ្ឋមន្ត្រី​ជប៉ុន​សន្យា​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ ខណៈ​ដែល​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​២៥​នាក់

149

ជប៉ុន៖ កាលពីថ្ងៃពុធនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ បានបំពេញទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ  ដោយសារទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុន ហើយលោកបានសន្យាថា រដ្ឋាភិបាលជប៉ុននឹងធ្វើអ្វីគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅរួច ដើម្បីជួយដល់ជនរងគ្រោះ។

ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមបង្អុរចុះឥតឈប់ឈរកាលពីរយៈពេល ១សប្ដាហ៍មុនបង្កឲ្យមានការរអិលបាក់ដី និងធ្វើឲ្យទឹកទន្លេឡើងប្រៀបច្រាំងនៅកោះភាគនិរតីគ្យូស៊ូ ក៏ដូចជាបង្ខំឲ្យពលរដ្ឋជាង ៤០ម៉ឺននាក់ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ មនុស្ស ២៥នាក់ស្លាប់ និង ២៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ លោក អាបេ ដែលការគាំទ្ររបស់លោកបានដាំក្បាលចុះដល់កម្រិតទាបបំផុត ចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំ២០១២នោះ បានកាត់បន្ថយដំណើរបំពេញទស្សនកិច្ចរបស់លោកនៅអឺរ៉ុបរយៈពេល ១ថ្ងៃ ដោយសារតែគ្រោះមហន្តរាយធម្មជាតិមួយនេះ ហើយលោកបានបំពេញទស្សនកិច្ចទៅកាន់តំបន់រងគ្រោះរយៈពេលជាង ២៤ម៉ោងក្រោយការវិលត្រឡប់មកវិញរបស់លោក៕
អត្ថបទ៖ សារ៉ាត់