ក្រសួង​សង្គមកិច្ច​នឹង​ជំរុញ​ការ​បង្កើត​មណ្ឌល​សុំ​ចត​នៅ​ប៉ោយប៉ែត​ក្នុងពេល​ឆាប់ៗ​

460

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្ដេជ្ញាបង្កើតមណ្ឌលសុំចតនៅតាមព្រំដែនបែកខាងលិច ឲ្យបានក្នុងពេលឆាប់ៗ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលពុំមានលទ្ធជួលផ្ទះស្នាក់នៅ ជាពិសេសជួយដល់ កម្មករ កម្មការិនី ដែលធ្វើការចំណាកស្រុកនៅតាមព្រំដែន ។

ភ្នំពេញ៖ ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការពង្រីកកិច្ចសហការ និងពិនិត្យតាមដានតួនាទី និងភារកិច្ចក្រុមការងារការពារជនរងគ្រោះ ដោយសារអំពើជួញដូរ មនុស្ស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះថា កន្លងមក ភាគីកម្ពុជានិងភាគីថៃ បានចុះអនុស្សរណៈយោគគ្នារួចមកហើយ ក្នុងការបង្កើតមណ្ឌលសុំចតនៅទីនោះឡើង ដើម្បីជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនី ដែលធ្វើការឆ្លងកាត់នៅទីនោះ ពួកគាត់ទទួលបានការស្នាក់នៅជាបណ្ដោះអាសន្ន មុននឹងពួកគេចាកចេញពីទីនេះ វិលត្រឡប់ទៅស្រុកកំណើត ឬកន្លែងធ្វើការរបស់ខ្លួនវិញ។

ឯកឧត្ដម រដ្ឋមន្ត្រី បានបន្តថា កន្លងមក សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យក្រសួងសង្គមកិច្ច ពិភាក្សាជាមួយដៃគូថៃឲ្យបានឆាប់ៗ ព្រោះការបង្កើតមណ្ឌលនេះគឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសំខាន់ ដើម្បីឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលពុំមានលទ្ធភាព ដែលឆ្លងកាត់នៅទីនោះបានស្នាក់នៅជាបណ្តោះអាសន្ន ខណៈដែលភាគីថៃក្នុងពេលបច្ចុប្បន្ន កំពុងរឹតបណ្តឹងចំពោះ ការចំណាកស្រុកខុសច្បាប់ ហើយក្រោយពីការសាង់សង់មណ្ឌលនៅប៉ោយប៉ែតនេះរួច រាជរដ្ឋាភិបាលនឹងបន្តបង្កើត មណ្ឌលនៅតាមច្រកបែកខាងលិចបន្ថែមទៀត។

ឯកឧត្តម វង សូត្រ បានលើកឡើងឲ្យដឹងទៀតថា នៅក្នុងពេលថ្មីៗនេះដែរ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានឲ្យបង្កើតមណ្ឌលសុំចតនេះឲ្យបានឆាប់ៗផងដែរ ខណៈដែលភាគីថៃ បានពន្យារពេលក្នុងការសាងសង់បែបនេះ ក្នុងនោះ ឯកឧត្ដមចង់ឲ្យក្រសួងសង្គមកិច្ចពិភាក្សាជាមួយដៃគូថៃឡើងវិញ ដើម្បី រំលាយការចុះកិច្ចព្រមព្រៀងនេះចោល ដោយទុកលទ្ធភាពឲ្យភាគីកម្ពុជា ជាអ្នកសាងសង់មណ្ឌលនេះឡើងវិញ ដើម្បីជួយ ឲ្យទាន់ពេលវេលា ដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី បានស្នាក់នៅបណ្ដោះអាសន្ន ដែលជាផ្នែកមួយចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រពិតៗនៅកម្ពុជា៕