ផ្ទៃដី​ខេត្ត​ពោធិ៍សាត់​ ជាង​៤ពាន់​ហិកតា​ នៅ​សេសសល់​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ

105

ពោធិ៍សាត់ ៖ កាលពីចុងសប្តាហ៍មុននេះ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាអនុប្រធានទីមួយ អាជ្ញាធរមីន បានចុះពិនិត្យមើលសកម្មភាពប្រតិបត្តិការបោសសម្អាតមីន របស់ក្រុម ហាឡូ ត្រាស់ (HaLoTras) នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីអាជ្ញាធរមីន និងក្រុមបោសសម្អាតមីន បានឲ្យដឹងថា តំបន់មួយចំនួន សរុបប្រមាណ ជាងបួនពាន់ហិកតា នៅក្នុងខេត្តពោធិ៍សាត់ នៅសេសសល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ឯកឧត្តម សេរី កុសល បានបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នេះ តំបន់មួយចំនួន ជាពិសេសទីតាំងបន្ទាយចាស់ ទីតាំងសមរភូមិ ដែលឋិតក្នុងស្រុកភ្នំក្រវាញ ស្រុកវាលវែង និងតាមបណ្តោយព្រំដែនខ្មែរ ថៃ ក្នុងឃុំថ្មដា គឺគ្រាប់មីនមិនទាន់ត្រូវបានបោសសម្អាតអស់នោះទេ។

លោក ញ៉ុង បូណា តំណាងអង្គការ ហាឡូ ត្រាស់ (HaLoTrust) ប្រចាំស្រុកវាលវែង បានបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់ ទាំងមូល មានក្រុម ហាឡូត្រាស់ ១២ក្រុម កម្លាំង ១៣២នាក់ ស្រី៣៥នាក់។

លោក បានឲ្យដឹងថា ផ្ទៃដីមានគ្រាប់មីនសរុបជាង៤ពាន់៥រយហិកតា ក្នុងនោះផ្ទៃដីរំដោះមីនបាន ចំនួនជាង២០០ហិកតា។ កម្ទេចគ្រាប់មីនប្រឆាំងមនុស្ស បានជាងពីរពាន់គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះ ជាង៦០គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាង២៦០០គ្រាប់។

លោក បានឲ្យដឹងទៀតថា នៅក្នុងឃុំអន្លង់រាប ផ្ទៃដីមានគ្រាប់មីនជាង២០០ហិកតា រំដោះមីនបានចំនួន ៤០ហិតា។ ឃុំថ្មដា ផ្ទៃដីមានគ្រាប់មីនជាង៣៤០០ហិកតា រំដោះមីនបាន៣៨ហិកតា។

លោក បានបញ្ជាក់ថា ក្រុមហាឡូត្រាស់ បាននិងកំពុងប្រតិបត្តិការបោសសម្អាតជាបន្តបន្ទាប់។ ក្រុមរបស់លោក បានចាប់ផ្តើមប្រតិបត្តិការតាំងពីខែមីនា ដើមឆ្នាំនេះមកម្ល៉េះ និងបញ្ចប់នៅខែតុលា ខាងមុខនេះ៕

min posat2 min posat1 min posat