U23​កម្ពុជា​បន្ត​ជួប​ក្រុម​ខ្លាំង​ជប៉ុន​ល្ងាច​នេះ​ក្នុងវគ្គ​ជម្រុះ​ពាន AFC U23 Championship

648
លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុមកម្ពុជា

បាល់ទាត់៖ បន្ទាប់ពីទប់ទល់ស្មើក្រុមខ្លាំងចិន ០-០ នាជំនួបបើកឆាកពូល J នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 ហើយនោះ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជានឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំងទៀតហើយ គឺជួបក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំជប៉ុន ទើបលត់ក្រុមជម្រើសជាតិហ្វីលីពីនដោយលទ្ធផល ៨-០ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២១ ខែកក្កដានេះនៅលើទីលានពហុកីឡដ្ឋានជាតិ។

គ្រូបង្វឹកក្រុមជប៉ុនលោក UCHIYAMA ATSUSHI
គ្រូបង្វឹកក្រុមជប៉ុនលោក UCHIYAMA ATSUSHI

មុនការប្រកួតដ៏សំខាន់នេះលោក Leonardo Vitorino គ្រូបង្វឹករបស់ក្រុមម្ចាស់ផ្ទះកម្ពុជាបានទទួលស្គាល់ជប៉ុន គឺជាក្រុមខ្លាំងប្រចាំតំបន់អាស៊ីផងដែរប៉ុន្តែលោកហាក់មិនញញើតឡើយ បើទោះបីកូនក្រុមហាក់នៅខ្វះខាតកម្លាំងក៏ដោយ។ លោកបន្តថា ខ្លួនត្រូវការឈ្នះជានិច្ចសម្រាប់ការធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានកម្រិតអាស៊ីនេះ ដែលកំណត់ទិសដៅដូច្នេះទើបធ្វើឲ្យកម្ពុជាទទួលបានលទ្ធផលល្អពេលជួបចិន ហើយការជួបជប៉ុនទៀតសោតក៏លោករំពឹងទទួលបានជ័យជម្នះផងដែរ។ សម្រាប់លោក Uchiyama Atsushi គ្រូបង្វឹកក្រោមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំជប៉ុនបានលើកឡើងថា ការជួបកម្ពុជាថ្ងៃនេះអាចនឹងផ្ដល់ការលំបាកច្រើនដល់ក្រុមខ្លាំង ព្រោះលេងលើទឹកដីកម្ពុជា។ តែយ៉ាងណាលោកនឹងជំរុញកូនក្រុមខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្តស្វែងរកជ័យជម្នះ និងមានឱកាសឈានទៅការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៨ លើទឹកដីប្រទេសចិន។

សូមបញ្ជាក់ថា ការប្រកួតជម្រុះពូលJ ថ្ងៃនេះគឺមាន ២គូក្នុងនោះមុនឈានដល់ការប្រកួតរវាងកម្ពុជា និងជប៉ុន គឺក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិនត្រូវជួបក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំហ្វីលីពីននាវេលាម៉ោង ៣៖៣០នាទីរសៀលនេះនៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ខណៈក្រុមការងារទូរទស្សន៍ BTV-News ក៏នឹងបន្តធ្វើការផ្សាយផ្ទាល់ជូនអ្នកគាំទ្របានទស្សនាផងដែរ៕

អត្ថបទ៖ លី ឈុនឡា