ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​សម្ដេច​ ហេង សំរិន លើកទី១ នេះ​មាន​ ១៨​ក្រុម​ចូលរួម

364

បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ បង្កើតឡើងដើម្បីផ្ដល់ឱកាសដល់យុវជនដែលស្រលាញ់កីឡា ហើយមានសមត្ថភាព និងទេពកោសល្យ បានបង្ហាញនូវអ្វីដែលខ្លួនមាននៅក្នុងការប្រកួតនេះ ជាពិសេសដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែរីកចំរើនឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ថុល នាង ទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។Football1ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ថុល នាង បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានអនុញ្ញាតឲ្យឯកឧត្ដមបង្កើតការប្រកួតនេះឡើងជាលើកដំបូង បង្កើតឡើងក្នុងគោលបំណងបង្កើនសាមគ្គីភាព មិត្តភាព ជាពិសេសដើម្បីបំផុសនៅស្មារតីស្រលាញ់កីឡា និងជំរុញយុវជនឲ្យចូលរួមលេងកីឡាដើម្បីមានសុខភាពល្អ និងជៀសផុតពីគ្រឿងញៀន។ ឯកឧត្ដមបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ដោយការប្រកួតនេះផ្ដល់ឱកាសដល់យុវជនកម្ពុជា ដូចនេះគ្រប់ក្លឹបដែលចូលទាំងអស់មិនអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមឡើយ ហើយឯកឧត្ដមបានណែនាំដល់កីឡាករទាំងអស់ត្រូវចេះអត់អោន និងអធ្យាស្រ័យរាល់ការប៉ះទង្គិចគ្នាអំឡុងពេលប្រកួត។

ទន្ទឹមនឹងនោះឯកឧត្ដមសង្ឃឹមថា ការប្រកួតដណ្ដើមពានរង្វាន់នេះ និងមានជារៀងរាល់ឆ្នាំតទៅទៀត។ សូមបញ្ជាក់ផងដែរថា ការប្រកួតនេះផ្ដល់ឱកាសតែកីឡាករមិនអាជីពប៉ុណ្ណោះ តែកីឡាករអាជីពអាចចូលរួមបាន លើកលែងតែបញ្ចប់អាជីពមុនឆ្នាំ២០១៦។ ចំពោះប្រាក់រង្វាន់វិញជើងឯកទទួលបាន ៦ពាន់ដុល្លារ, លេខ២ ទទួលបាន ៣ពាន់ដុល្លារ និងលេខ៣ ទទួលបានប្រាក់រង្វាន់ ១,៥០០ ដុល្លារ។ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកដំបូងនេះមាន ១៨ក្រុមចូលរួម ហើយនឹងធ្វើពិធីបើកការប្រកួតជាផ្លូវកានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះនៅកីឡដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទ (ស្តាតចាស់)៕