Tyson Fury ប្រកាស​បញ្ចប់​អាជីព​ប្រដាល់​ម្តង​ទៀត​លើ​បណ្ដាញ​សង្គម Instagram

82

ប្រដាល់៖ កីឡាករប្រដាល់ជើងឯកទំងន់ធ្ងន់ពិភពលោករបស់អង់គ្លេស Tyson Fury ជាថ្មីម្ដងទៀត បានប្រកាសបញ្ចប់អាជីពលើសង្វៀនថ្ងៃពុធម្សិលម៉ិញនេះលើបណ្ដាញសង្គម Instagram។

កីឡាករវ័យ ២៨ឆ្នាំដែលមានកំណត់ត្រាប្រកួត ២៥លើកឈ្នះទាំងអស់រូបនេះក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA, IBF, WBO និង IBO ពិភពលោក នៅពេលយកឈ្នះកំពូលកីឡាករប្រដាល់អ៊ុយក្រែន Wladimir Klitschko កាលពីខែវិច្ឆិកាឆ្នាំ២០១៥ តែតាំងពីពេលនោះមកមិនមានការប្រកួតណាឡើយ រួមទាំងលុបចោលគំរោងប្រកួតពីរលើក។ នៅខែមិថុនាឆ្នាំមុន Fury បានទទួលរងការពិន័យ ក្រោយរកឃើញប្រើប្រាស់សារធាតុហាមឃាត់ តែសាមីខ្លួនបដិសេធ។ ខែតុលាឆ្នាំដដែល Tyson Fury ក៏ធ្លាប់បានប្រកាសឈប់វាយម្ដងដែរនៅលើបណ្ដាញសង្គម Twitter ដោយចង់សម្រាកព្យាបាលរបួស។ ក្រោយមកខែមិនាឆ្នាំ២០១៧ កន្លងទៅនេះ Tyson Fury បាននិយាយថា ខ្លួននឹងវិលមកសង្វៀនវិញបន្ទាប់ពីឃើញមិត្តរួមជាតិ Anthony Joshua យកឈ្នះ Klitschko នៅ Wembley។ ពេលនោះហើយដែលជើងឯកពិភពលោកថ្មី Anthony Joshua ប្រកាសចង់វាយជាមួយ Tyson Fury ហើយ Fury ក៏ទទួលយកនៅលើបណ្ដាញសង្គម Twitter៕
អត្ថបទ៖នាង សុភាវុធ