កីឡាករ​វ៉ូ​ស៊ូ​កម្ពុជា​ ៤​រូប​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០១៧

278

វ៉ូស៊ូ៖ ក្រុមជម្រើសជាតិកីឡាវ៉ូស៊ូកម្ពុជា ៦រូបបានប្រមូលផ្តុំ និងខិតខំហ្វឹកហាត់តាំងពីដើមខែកុម្ភៈមក ដើម្បីត្រៀមសម្រាប់ចូលរួមប្រកួតប្រជែងយកមេដាយនៅកីឡាស៊ីហ្គេមខែសីហាឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីដោយស៊ីហ្គេមលើកទី២៩នេះ ម្ចាស់ផ្ទះម៉ាឡេស៊ីបានកាត់ចេញនូវគ្រប់វិញ្ញាសាប្រយុទ្ធ ដូចច្នេះកីឡាករវ៉ូស៊ូកម្ពុជាត្រូវហ្វឹកហាត់លើផ្នែកសម្ដែងវិញ។Wusuបន្ទាប់ពីហ្វឹកហាត់ចប់កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅកីឡាករ ហេង វាសនា បានឲ្យដឹងថា គេចូលហ្វឹកហាត់កីឡាវ៉ូស៊ូនេះតាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយបានជាប់ជាកីឡាករជម្រើសជាតិនោះចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះ។ បើនិយាយពីការហ្វឹកហាត់ក្នុងពេលឥឡូវនេះ កីឡាកររូបនេះខិតខំប្រឹងហាត់ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត ព្រោះនៅកម្មវិធីប្រកួតស៊ីហ្គេមនៅខែក្រោយនេះ មានកីឡាករល្អៗច្រើនត្រូវ ប្រជែងយកមេដាយ។ កីឡាករជម្រើសជាតិវ៉ូស៊ូវ័យ ២៣ឆ្នាំរូបនេះបន្តថា ចំពោះវិញ្ញាសាសម្ដែងដែលខ្លួនហ្វឹកហាត់ ក៏ដូចជាវិញ្ញាសាដែលត្រូវប្រកួតនៅខែក្រោយនេះគឺ វាសនា នៅមានចន្លោះខ្វះខាតមួយចំនួនដែរ ដូចជាពេលដែលត្រូវស្រែកអមស្របពេលដែលបញ្ចេញស្នៀតនោះមិនទាន់បានល្អនោះទេ ប៉ុន្តែរាល់កង្វះខាតទាំងនេះក៏បានការជួយកែតម្រូវពីលោកគ្រូអ្នកគ្រូផងដែរ។ បើតាមបទពិសោធន៍ប្រកួតនាពេលកន្លងមក វាសនា គិតថា ប្រទេសដែលមានកីឡាករល្អជាងគេលើកផ្នែកសម្ដែង ហើយជាឧបសគ្គរបស់កម្ពុជានោះគឺម្ចាស់ផ្ទះស៊ីហ្គេមម៉ាឡេស៊ី សិង្ហបុរី និងថៃ។

សូមបញ្ជាក់ថា សម្រាប់សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជានឹងបញ្ជូនកីឡាកររបស់ខ្លួន ៤រូប គ្រូបង្វឹក ២រូបទៅប្រកួតប្រជែងនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីដោយប្រកួតលើវិញ្ញាសាសម្ដែងដែលមាន៖ វិញ្ញាសា ចាង ឈាន, វិញ្ញាសា ណាន់ ឈាន និងវិញ្ញាសា ជៀន ស៊ុ៕