ប្រពន្ធ​​ប្តឹង​សមត្ថកិច្ច​​ឲ្យ​ចាប់​ប្ដី​របស់ខ្លួន ​ពាក់ព័ន្ធ​គ្រឿង​ញៀន ​ចំនួន​១២​កញ្ចប់

116

បន្ទាយមានជ័យ ៖ តាមបណ្តឹងស្ត្រីជាប្រពន្ធ បានប្ដឹងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឲ្យចាប់ប្ដីរបស់ខ្លួនជាអ្នកចែកចាយគ្រឿងញៀន កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនចំនួន១២កញ្ចប់ នៅក្នុងបន្ទប់ដេក។

លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បាននិយាយថា ការចាប់ខ្លួនបុរសខាងលើធ្វើឡើងបន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់របស់ស្ត្រីម្នាក់ជាប្រពន្ធ។លោក បានបន្ដថា ស្ត្រីដែលប្តឹងប្តីខ្លួនឯងមានឈ្មោះ ឆេង លៀងអាយុ ៣៤ ឆ្នាំ។ ជនសង្ស័យជាប្តីមានឈ្មោះ លី ណា អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងប្រតិបត្តិការបង្ក្រាប នឹងចាប់ខ្លួនមុខសញ្ញាខាងលើ សមត្ថកិច្ចក៏បន្តចាប់ខ្លួនស្ត្រីជាអ្នកប្រើប្រាស់ម្នាក់ទៀតផងដែរ ដកហូតថ្នាំញៀនប្រភេទទឹកកក១២ កញ្ចប់តូច និងសំភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2017-07-28_16-48-49