នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​ អំពាវនាវ​ដល់​បណ្តា​អង្គភាព​ទ័ព​នៅ​ទិស​ឧត្តរ​មានជ័យ ​និង​ព្រះវិហារ​ត្រៀម​លក្ខណៈ​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ឲ្យ​បាន​ទាន់​ពេលវេលា

117

ភ្នំពេញ ៖ ខណៈដែលទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យជន់លិចដល់ភូមិដ្ឋាន ប្រជាពលរដ្ឋផងនោះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានណែនាំឲ្យបណ្ដា អង្គភាពកងទ័ព នៅទិសខេត្តឧត្តរមានជ័យ និងទិសខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ឲ្យបានទាន់ពេលវេលា។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ គន់ គីម យ៉ាងដូច្នេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងភូមិគ្រួសារកងទ័ពមួយចំនួនទៀត នៅទិសព្រំដែនខេត្តព្រះវិហារ។

លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានរាយការណ៍ឲ្យដឹងថា ទឹកភ្លៀងបានជន់លិចក្នុង អំឡុងទៀបភ្លឺ ថ្ងៃទី២៦ កក្កដា កន្លងមកនេះ ដោយបានហូរផ្ដាច់ទាំងស្រុងនូវទំនប់រក្សាទឹករបស់សហគមន៍ ដែលជាកេរដំណែល មរតករបស់តាម៉ុក។ ស្ពានអូរជីក ត្រូវបានទឹកហូរកាត់ដែលអាជ្ញាធរស្រុក អន្លង់វែងបានសម្រេចបិទចរាចរជាបណ្តោះអាសន្ន។

លោកអភិបាល បានបញ្ជាក់ថា ផ្លូវឡើងភ្នំទៅកាន់ច្រកអន្តរជាតិជាំ ក៏ត្រូវទឹកហូរច្រោះបណ្តាលឲ្យដុំថ្មធំៗ ធ្លាក់បាំងផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ហើយអាជ្ញាធរស្រុកក៏បានចាត់កម្លាំងប្រចាំការជួយ សម្រួលចរាចរដល់អ្នកធ្វើដំណើរផងដែរ។

ជាមួយគ្នានោះលោក ញ៉ឺន កូន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងផងដែរថា កម្រិតកំពស់ទឹកជំនន់បានកើនឡើងដល់១,៥០ម៉ែត្រ ហើយបឹងតាម៉ុក ដែលជាអាងស្តុកទឹកមួយដ៏សំខាន់ពីសម្ពាធទឹកធ្លាក់មកពីត្រពាំងប្រាសាទ និងទឹកធ្លាក់មកពីតំបន់ជួរភ្នំដងរែក ទឹក មានកម្ពស់ ៤ម៉ែត្រ ដែលហួសពីកម្រិតប្រកាសអាសនត្រឹមជិត៣ម៉ែត្រ។ លោក បានបញ្ជាក់ថា ក្នុងស្រុកត្រពាំងប្រាសាទ ក៏ទទួលរងការវាយប្រហារខ្លាំងពីទឹកភ្លៀងដែរ ហើយកម្លាំងនិងគ្រឿងចក្រត្រូវបាន ដាក់ប្រចាំការ ដើម្បីធ្វើអន្តរាគមន៍។

នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យបញ្ជាក់ឲ្យដឹងផងដែរថា រយៈពេល២ថ្ងៃនេះ បើតាមការពិនិត្យឃើញជាក់ស្តែង ជំនន់ទឹកភ្លៀងបានកំពុងជន់លិចលំនៅឋាន ប្រជាពលរដ្ឋ និងបានកាត់ផ្តាច់ផ្លូវជាតិខ្លះ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និង សត្វពាហនៈទេ ដោយកម្លាំងអាជ្ញាធរខេត្ត ក្រោមកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធបានរៀបចំវិធានការទប់ស្កាត់ ជាបន្តបន្ទាប់៕

kun kim1 kun kim2 kun kim3