ការបើក​ការ​ប្រកួត​ពាន​សម្ដេច​ ហេង សំរិន អម​ដោយ​ការ​ដំឡើង​ប្រាក់​រង្វាន់​កាន់​តែ​ច្រើន

84

បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រ ហេង សំរិន លើកទី១ បានបើកការប្រកួតជាផ្លូវការហើយនៅថ្ងៃទី២៩ ខែកក្កដានេះក្រោមអធិបតីភាពឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពងខ្ពស់របស់សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា រួមទាំងគណៈកម្មរៀបចំការប្រកួតថ្នាក់ដឹកនាំ និងក្រុមកីឡាករទាំង ១៨ក្រុមផងដែរ។FC1ទន្ទឹមនឹងការបើកការប្រកួតពានរង្វាន់មិនអាជីពនេះឯកឧត្ដម វង សូត បានប្រកាសបន្ថែម ប្រាក់រង្វាន់ជ័យលាភីកាន់តែច្រើនផងដែរ ដើម្បីលើកទឹកចិត្តដល់ក្រុមចូលរួមនីមួយៗ ដោយជ័យលាភីលេខ១ ត្រូវដំឡើងពី ២៤លានរៀលទៅ ២៥លានរៀល ខណៈលេខ២ ឡើងពី ១២លានរៀល ទៅ ២០លាន និងលេខ៣ ឡើងពី ៦លានរៀលទៅ ១៥លានរៀល។ លើសពីនេះក៏មានប្រាក់រង្វាន់កីឡាករល្អ អ្នកចាំទីល្អ ក្រុមលេងល្អ និងឧបត្ថម្ភថវិកា ២០លានរៀល ដើម្បីរៀបចំពិធីជួបជុំក្រោយចប់ការប្រកួតទាំងស្រុងទៀតផង។ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការដំឡើងប្រាក់រង្វាន់ខាងលើគឺដើម្បីលើកទឹកចិត្តក្រុមចូលរួមនីមួយៗ ពិសេសការខំប្រឹងរបស់កីឡាករម្នាក់ៗ។ យ៉ាងណាមិញកីឡាករអាជីពភាគច្រើនកើតចេញពីក្រុមមិនអាជីព ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះឯកឧត្ដមរំពឹងថា កីឡាករម្នាក់ៗនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដោយគោរពបទបញ្ជាការប្រកួតត្រឹមត្រូវ ដើម្បីដុះខាតសមត្ថភាពរបស់ខ្លួន ឆ្ពោះទៅសម្រេចក្ដីសុបិនក្លាយជាកីឡាករអាជីពនាពេលអនាគត។

ជាមួយគ្នានោះឯកឧត្ដម ថុល នាង ទីប្រឹក្សារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារខេត្តកណ្ដាល ដែលផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះបានសម្ដែងនូវសេចក្ដីត្រេកអរជាខ្លាំង បន្ទាប់ពីការរៀបចំពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលបានពន្លឺជោគជ័យ និងមានគាំទ្រពីថ្នាក់ដឹកនាំក៏ដូចជាដំឡើងប្រាក់រង្វាន់ដ៏ច្រើនបែបនេះ។ ឯកឧត្ដមរំពឹងថា ការរៀបចំនេះក្លាយជាផ្នែកមួយ ដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ គួរបញ្ជាក់ថា ពានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ គឺមាន ១៨ក្រុមចូលរួម ហើយបែងចែកជា ៣ពូលក្នុងមួយពូលមាន ៦ក្រុមដើម្បីធ្វើការប្រកួតសន្សំពិន្ទុវិលជុំ។ បន្ទាប់មកក្រុមលេខ១ និងលេខ២ មានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយ។ រីឯ ២ក្រុមទៀតគឺជ្រើសចេញពីក្រុមលេខ៣ ដែលធ្វើបានល្អជាងគេក្នុងចំណោមពូលទាំង ៣៕

អត្ថបទ លី ឈុនឡា