ចរាចរ​ដុល្លារ​​ក្លែងក្លាយ​​ នៅ​ក្រុង​ប៉ោយប៉ែត​ ត្រូវ​សមត្ថកិច្ច​​​ឃាត់ខ្លួន​​​៤​នាក់​បញ្ជូន ​ទៅ​តុលាការ​

104

បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ ឈានដល់ការឃាត់ខ្លួនជនបរទេសស្បែកខ្មៅ២នាក់ និង២នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ នាថ្ងៃទី៣១ កក្កដា២០១៧ នេះ បន្ទាប់ពីជនសង្ស័យទាំងនោះ បានរៀបចំគំរោងការចរាចរលុយដុល្លារ ក្លែងក្លាយនៅក្រុងប៉ោយប៉ែត។

លោក ខែម សុភ័ណ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ មានចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួន បន្ទាប់ពីសង្ស័យចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយប្រព្រឹត្ត នៅចំណុចហាងកាហ្វេ មួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩កក្កដា ២០១៧។

ជនសង្ស័យទាំងអស់រួមមាន១ឈ្មោះ ម៉េត សុជាតិ ភេទប្រុសអាយុ៣៧ឆ្នាំមានមុខរបរជាបុគ្គលិកក្រុមហ៊ុន រស់នៅភូមិតាង៉ៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ២ឈ្មោះ ឆេន ឈិនយ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបកប្រែភាសា រស់នៅខេត្តបាត់ដំបង ៣ឈ្មោះ អាលីម អូដាលីស ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិកាម៉ារ៉ូន សញ្ជាតិបារាំងស្នាក់នៅរាជធានីភ្នំពេញ ៤ឈ្មោះ អ៊ីហ្វម ជូម៉ាម៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកាម៉ារ៉ូន រស់នៅភ្នំពេញ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានទូរស័ព្ទ ៦គ្រឿង ម្ស៉ៅ ស៤ថង់ ក្រដាសប្រាក់ មួយដុំ ទឹកកូកាកូឡាមួយដប នឹងសំភារៈផលិតលុយមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ម៉េត សុជាតិ និងឈ្មោះ ឆេន ស៊ិនយ៉ាង បានសារភាពថា ពួកគេរួមជាមួយជនជាតិកាម៉ារ៉ូន សញ្ជាតិបារាំង បានរៀបចំគម្រោងយកលុយក្លែងក្លាយ ទៅឆបោកអាជីវករម្នាក់ក្នុងក្រុងប៉ោយប៉ែត ដើម្បីយកលុយសុទ្ធតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយការឃាត់ខ្លួនសាកសួរបច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយ៕

n7 n6