អាជីវករ​ផ្សារ​សេះស ​លក់​មិនសូវ​ដាច់​ ព្រោះ​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ និង​ខ្វះ​ការថែទាំ​អនាម័យ​

207

កែប ៖ អាជីវករជាច្រើននាក់លក់ដូរនៅផ្សារសេះស ឋិតនៅក្នុងភូមិសង្កាត់អូក្រសារ ក្រុងកែប បានត្អូញត្អែរថា ពួកគេលក់មិនសូវដាច់ ព្រោះផ្លូវចូលផ្សារពិបាកធ្វើដំណើរ ហើយបរិវេណជុំវិញផ្សារកខ្វក់ សម្បូរដោយសំរាម មិនសមជាកន្លែងលក់ចំណីអាហារ និងគ្រឿងឧបភោគបរិភោគ។

ក្រុមអាជីវករផ្សាសេះស បានប្រាប់ BTV កាលពីម្សិលម៉ិញថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការលក់ដូរមិនសូវដាច់ទេ ព្រោះផ្លូវចូលផ្សារកាន់តែពិបាកធ្វើដំណើរដោយសារសម្បូរជង្ហុក ហើយបើរដូវវស្សាវិញ គឺមានភក់ និងទឹកដក់ ហើយកន្លងមកផ្លូវនេះ ធ្លាប់បានបង្កឲ្យមានអ្នករងរបួសជាច្រើននាក់ ក្នុងនោះក៏មានក្មេងៗសិស្សសាលាផងដែរ។

ក្រុមអាជីវករ បានបញ្ជាក់ថា ផ្លូវចូលផ្សារដែលមានជម្រៅជាង៣០០ម៉ែត្រពីផ្លូវធំមួយនេះ មិនបានបំពាក់ភ្លើងបំភ្លឺទេ បើទោះជាធ្លាប់មានករណីឆក់ខ្សែករ និងការបូបដៃប្រជាពលរដ្ឋ និងអាជីវករ។ក្រុមអាជីវករ បានឲ្យដឹងទៀតថា បើទោះជាមានការយកភាស៊ីរៀងរាល់ថ្ងៃ ក៏បរិវេណជុំវិញផ្សារសេះសនេះ នៅតែកខ្វក់ សម្បូរសំរាមរប៉ាត់រប៉ាយពាស វាលពាស កាល មានទឹកដក់ ភក់ជ្រាំ បង្កជាក្លិនមិនល្អ ប៉ះពាល់ដល់ភ្ញៀវ ឬពលរដ្ឋ។

ក្រុមអាជីវករ បានស្នើសុំឲ្យម្ចាស់ផ្សារសេះស ជួយចាក់ដីបំពេញជង្ហុក បើមិនបានធ្វើថ្នល់ថ្មី ហើយជាពិសេស ជួយរឹតបណ្តឹងការរក្សាអនាម័យ ជួយសំអាតសំរាម ភក់ជ្រាំ ទឹកដក់ផ្សេងៗជុំវិញបរិវេណផ្សារ។

លោក សោម ពិសិទ្ធ អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យសាលាខេត្ត បានប្រាប់ BTV ឲ្យដឹងថា ផ្សារសេះស គឺជាផ្សារឯកជនរបស់ក្រុមហ៊ុន លោក ឧកញ៉ា វិញ ហួរ មិនឋិតនៅក្រោមការគ្រប់គ្រង របស់សាលាក្រុងទេ ប៉ុន្តែសាលាក្រុងធ្លាប់បានណែនាំ និងជំរុញឲ្យក្រុមហ៊ុនមួយនេះ ជួយជួសជុលផ្លូវ និងរក្សាអនាម័យ និងបរិស្ថានឲ្យបានស្អាត ឲ្យសក្ដិសមទៅ នឹងងាររបស់ក្រុងកែប ថាជាក្រុង ផ្កាយរះទិសនារតី និងដើម្បីសម្រួលដល់ជីវភាពប្រជាជនក្នុងតំបន់ផង ប៉ុន្តែក្រុមហ៊ុនហាក់មិនអើពើ។

ផ្សារសេះសរ ជាផ្សារតែមួយគត់សម្រាប់អាជីវករ និងប្រជាពលរដ្ឋសង្កាត់អូរក្រសារ និងស្រុកដំណាក់ចង្អើរ មកលក់ដូរ និងទិញម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយ BTV មិនទាន់អាចធ្វើការទំនាក់ទំនងបានទៅប្រធានផ្សារ ឬក្រុមហ៊ុន ដើម្បីឲ្យធ្វើការស្រាយបំភ្លឺជុំវិញបញ្ហាខាងលើនេះ៕

market kep market kep1 market kep3 market kep2