ធនាគារ​ស្រូវ​ ចំណាយ​១​លាន​ដុល្លារ​ក្នុង​មួយថ្ងៃ​ តាមរយៈ​ផ្សារ​ នៅ​តាម​សហគមន៍

60

ភ្នំពេញ ៖ ធនាគារស្រូវកម្ពុជា គ្រោងចំណាយប្រាក់មួយថ្ងៃប្រហែល១លានដុល្លារ ដើម្បីប្រមូលទិញស្រូវនៅតាមសហគមន៍នានា បន្ទាប់ពីការបង្កើតផ្សារនៅតាមសហគមន៍ដើម្បីប្រមូលទិញស្រូវបាននិងកំពុងដំណើរការរៀបចំ។

លោកឧកញ៉ា ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញថា ធនាគារស្រូវក្រោមការសហការផ្តល់ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ បាននឹងកំពុងចាប់ផ្តើមបង្កើតផ្សារនៅតាមភូមិ និងឃុំនៅតាមបណ្តាខេត្តនាភូមិភាគពាយ័ព្យ ដូចជាពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ មុនពង្រីកទៅកាន់ខេត្តផ្សេងៗទៀត។

លោក បន្តថា ពីមុនមកកសិករផលិតបាន ពិបាករកអ្នកទិញ ហេតុនេះទើបយើងបង្កើតផ្សារនៅជិតគាត់ ដើម្បីឲ្យពេលប្រមូលផល ពួកគេមានទីផ្សារសម្រាប់លក់ និងមិនមានការទម្លាក់តម្លៃពីសំណាក់ឈ្មួញនានា។

លោកឧកញ៉ា បានបន្តថា ផ្សារនៅតាមភូមិ ឃុំនេះមានគោលដៅសំខាន់ៗចំនួនពីរ ទី១ កាត់បន្ថយថ្លៃដើមនៃការផលិត ទាក់ទងនឹងការប្រើប្រាស់ពូជ ជី ដែលមានតំលៃទាបជាងមុន ដែលធ្វើឲ្យកសិករចំណេញ៤០ដុល្លារក្នុងមួយហិកតា និងទី២ ចូលរួមកាត់បន្ថយថ្លៃដើមនៅពេលប្រមូលផល ព្រោះកន្លងមកអ្នកមានដីឆ្ងាយៗពីផ្លូវជាតិ ពិបាករកទីផ្សារ និងត្រូវឈ្មួញទម្លាក់តំលៃ ប៉ុន្តែតាមរយៈទីផ្សារនៅតាមសហគមន៍នេះ កសិករនឹងទទួលបានផលចំណេញ២០០ដុល្លារក្នុងមួយហិកតា។

លោកឧកញ៉ា ភួ ពុយ បានបន្តថា ផ្សារសហគមន៍នេះនឹងមានចំនួនមួយឬពីរនៅតាមភូមិនីមួយៗ អាស្រ័យលើភូមិធំ ឬតូច ហើយការចំណាយប្រាក់លើការប្រមូលទិញកសិផលមានទំហំទឹកប្រាក់១លានដុល្លារអាមេរិក។ការប្រមូលផលបានចាប់ផ្តើមហើយ សម្រាប់ស្រូវរដូវប្រាំង ឬ ស្រូវបង្កើនរដូវ ដែលស្រូវនៅរដូវប្រមូលផលនេះមានតម្លៃ១០០០រៀល សម្រាប់ស្រូវសើម និង១២០០រៀលសំរាប់ស្រូវស្ងួត។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម វេង សាខុន បានថ្លែងថា ធនាគារស្រូវរបស់លោកឧកញ៉ា ភួ ពុយ មានទុនពិសេសពីធនាគារអភិវឌ្ឍន៍ជនបទ លើការបង្កើតផ្សារនៅតាមសហគមន៍ ដើម្បីប្រមូលទិញស្រូវពីកសិករ ដែលគោលនយោបាយនេះ ទទួលបានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម បន្តថា គោលនយោបាយនេះមិនប៉ះពាល់ដល់យន្តការទីផ្សារសេរីនោះទេ ខណៈដែលការប្រមូលផលស្រូវបង្កើនរដូវកំពុងទទួលបានទិន្នផលល្អ និងធ្វើឲ្យកសិករសប្បាយចិត្ត។

ឯកឧត្តម វេង សាខុន បានបន្តថា បច្ចុប្បន្នគោលនយោបាយធ្វើស្រែតាមបែបកិច្ចសន្យាបាន និងកំពុងដំណើរការនៅតាមបណ្តាខេត្តមួយចំនួនហើយ ដែលធ្វើឡើងដោយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាជួយកសិករដែលផលិតបានមិនព្រួយបារម្ភពីទីផ្សារ និងធ្វើឲ្យប្រាកដថា តំលៃទិន្នផលរបស់ពួកគាត់មិនត្រូវគេទំលាក់តំលៃ៕

btvnews(18-04-2016(2)) btvnews(22-03-2016(6))