ធ្លាយ​រឿងអាស្រូវ​មេ​ប៉ុស្តិ៍​​ព្រំដែន​បឹង​សាគូ​ និង​រងវរៈ៩១១ ​ប៉ោយប៉ែត​លាក់​ទុក​ជនជាតិ​ចិន​ខុសច្បាប់​ជាង​២០០​នាក់

174

បន្ទាយមានជ័យ ៖ ធ្លាយរឿងអាស្រូវមេប៉ុស្តិ៍ប៉ូលិសព្រំដែនបឹងសាគូ និងមេរងនគរបាលការពារព្រំដែនគោករងវរៈសេនាតូច៩១១ ខាងជើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លាក់ទុកជនជាតិចិន ថៃ ម៉ាឡេ ស្នាក់នៅក្នុងផ្ទះសំណាក់របស់ខ្លួន ធ្វើការខុសច្បាប់ជាង២០០នាក់។

ធ្លាយរឿងអាស្រូវនេះ បន្ទាប់ពីសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ប៉ូលិសអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអយ្យការអមសាលាដំបូងខេត្តបង្ក្រាប កាលពីព្រឹកដល់ថ្ងៃត្រង់ម៉ោង១២ថ្ងៃទី២ សីហា ឆ្នាំ២០១៧។

ប្រតិបត្តិការនេះ ដឹកនាំដោយអគ្គនាយដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង និងមានការសម្របសម្រួលនីតិវិធីច្បាប់ ,លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

សមត្ថកិច្ចហៅការបង្ក្រាបនោះថា ត្រឹមម៉ោងជាង១១ព្រឹក បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិន និងម៉ាឡេ ថៃ ចំនួន ២១០ នាក់ ស្រី ៣២ នាក់ នៅចំណុចផ្ទះជួលមួយរបស់លោក សួង សៅ ហៅប្រុសផែនដី មេបញ្ជាការរងនគរបាលការពារព្រំដែនវរសេនាតូច៩១១ និងលោករស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលព្រំដែនបឹងសាគូ នៃវរៈ៩១១ ក្បែរមាត់អូរព្រំដែន ក្នុងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានបង្ហើបថា ការចាប់ខ្លួនជនជាតិចិន ថៃ ម៉ាឡេ នាពេលនេះ គឺក្រោយពីរកឃើញថាជនបរទេសទាំងនោះ បានមកស្នាក់នៅ ធ្វើការ និងរកស៊ីខុសច្បាប់ ពោលគឺគ្មានលិខិតស្នាមអនុញ្ញាតស្របច្បាប់។

លោកវរសេនីយ៍ សូ ចាន់រី រងនគរបាលការពារព្រំដែនវរសេនាតូច៩១១ អ្នកសារព័ត៌មានយើងទូរស័ព្ទចូល សុំការបំភ្លឺ ក្នុងករណីមន្ត្រីកូនចៅរបស់លោកបានប្រព្រឹត្តលាក់ទុកជនជាតិចិន ថៃ ម៉ាឡេ ទាំងនោះ ហើយស្ថិតនៅក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចរបស់លោកផងនោះ តែលោកមិនទទួល!។ ចំណែកលោកឧត្តមសេនីយ៍ ឱ លន់ ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលទូរស័ព្ទ តែលោកថា នៅជាប់រវល់ណាស់៕

photo_2017-08-02_13-37-57 photo_2017-08-02_13-38-17 photo_2017-08-02_13-25-53 photo_2017-08-02_13-38-27 photo_2017-08-02_13-38-00 photo_2017-08-02_13-38-13 photo_2017-08-02_13-25-28 photo_2017-08-02_13-25-09 photo_2017-08-02_13-05-03 photo_2017-08-02_12-52-22 btvnews(02-08-2017(1)) photo_2017-08-02_12-26-23 photo_2017-08-02_12-26-39 photo_2017-08-02_12-26-43 photo_2017-08-02_12-26-33