តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម​ជី​ប៉ី ​បាន​ផលិត​គ្រឿង​ចំណីអាហារ​ភាគច្រើន​បម្រើ​តម្រូវការ​ក្នុងស្រុក​ប្រមាណ​៧០​ភាគរយ

81

ភ្នំពេញ៖ អនុប្រធានទីភ្នាក់ងារតំបន់ឧស្សាហកម្មជីប៉ី លោក លី ស៊ូសិន បានលើកឡើងថា តំបន់អភិវឌ្ឍន៍ឧស្សាហកម្មជីប៉ីនេះ គឺបានផលិតគ្រឿងចំណីអាហារភាគច្រើនបម្រើតម្រូវការក្នុងស្រុកប្រមាណ៧០ភាគរយ ចំណែកការផលិតគ្រឿងយន្ត និង គ្រឿងបន្លាស់នាំចេញទៅក្រៅប្រទេសប្រហែល៨០ភាគរយ ដែលជាការកុម្ម៉ង់ទិញរបស់ក្រុមហ៊ុនរថយន្តល្បីៗទូទាំងពិភពលោក។

ការលើកឡើងរបស់លោកធ្វើឡើងតាមរយៈ នៃការធ្វើបទបង្ហាញ ជូនគណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជាដែលដឹកនាំដោយឯកឧត្ដម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ឈិន ប៉ីហ័រ តំណាងស្ថានទូតចិនប្រចាំកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ច នៅតំបន់អភិវឌ្ឍន៍ឧស្សាហកម្មជីប៉ីក្នុងសង្កាត់ជីយ៉ាង ក្រុងណាននីង ខេត្តសានទុង។

លោកលី ស៊ូសិន បានលើកឡើងថា តំបន់នេះបង្កើតឡើងក្នងឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះមានក្រុមហ៊ុនផលិតគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផលិតគ្រឿងចក្រ និងគ្រឿងបន្លាស់រថយន្តមានសរុប ១៥០ក្រុមហ៊ុន ធ្វើការវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុក ហើយសង្កាត់ជីយ៉ាងមានប្រជាជនរស់នៅប្រមាណ ជាង៥០ម៉ឺននាក់។

នៅថ្ងៃដែលគណៈប្រតិភូ បានវិលត្រលប់មកទីក្រុងជីណាន ខេត្តសានទុងវិញដោយបានទស្សនកិច្ចសារមន្ទីរ នៃខេត្តសានទុង និងតំបន់រមណីយដ្ឋានទឹកផុស។ សារមន្ទីរខេត្តសានតុង គឺជាទីតាំងមួយដែលបានប្រមូលផ្តុំទៅដោយវត្ថុបុរាណ ប្រវត្តិសាស្ត្រជាច្រើន និងគ្រប់សម័យកាលនៃរជ្ជកាលស្តេចនិងប្រជាជននៃប្រទេសចិន។

វត្ថុបុរាណនិងប្រវត្តសាស្ត្រទាំងនោះមានដូចជា គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឧបករណ៍ជាអាវុធច្រើនប្រភេទប្រើប្រាស់ក្នុងសឹកសង្គ្រាម រូបចំលាក់និងអក្សរជាច្រើនដែលបានចារលើផ្ទាំងសិលាផ្សេងៗ ក្បួនយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាម និង ប្រពៃណីទំនៀមទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋកាលសម័យពីបុរាណ។

ដោយឡែកតំបន់ទេសចរណ៍ទឹកផុស ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងទីក្រុងជីណាន ខេត្តសានទុង ប្រទេសចិន ដោយអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលមើលរហូតដល់ ៦ម៉ឺននាក់ក្នុងមួយថ្ងៃ មានផ្ទៃដីរហូតដល់ទៅ ១០ហិកតាកន្លះ ហើយមានទឹកផុសជាច្រើនកន្លែង៕