កងរាជអាវុធហត្ថ​ជំរុញ​ឲ្យ​ក្លាហាន​រាយការណ៍​ពី​ករណី​គ្រឿងញៀន​

70

រតនគិរី៖ មេបញ្ជាការកងរាជអាវុធខេត្តរតនគិរី បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរីទាំងអស់ សូមរាយការណ៍ជាបន្ទាប់អំពីសកម្មភាពជនប្រើប្រាស់ និងចែកចាយគ្រឿងញៀនដល់សមត្ថកិច្ចជំនាញ ដើម្បី ងាយ ស្រួលដល់ មន្ដ្រីនគរបាលយុត្តិធម៌ កំណត់មុខសញ្ញាចាត់ការតាមផ្លូវច្បាប់អោយទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី គឹម ស្មីរ បានថ្លែងអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធខ្លោងទ្វារវត្តឧត្តមរតនារាម ហៅ វត្តអូចេង ស្ថិតនៅភូមិតាអងកាតេ ឃុំតាអង ស្រុកកូនមុំ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ មានអ្នកចូលរួមប្រមាណជិត២០០នាក់។ លោកឧត្តមសេនីយ៍ត្រី បានអោយដឹងទៀតថា រហូតមកដល់ថ្ងៃនេះខេត្តរតនគិរីមិនទាន់មានការភ្ញាក់ផ្អើលតាមប្រព័ន្ធហ្វេសប៊ុក អំពីករណីចាប់កូនក្មេងវះយកគ្រឿងក្នុង និងក្រលៀននៅឡើយទេ។

ព្រះចៅអធិការវត្តឧត្តមរតនារាម ហៅ វត្តអូចេង ព្រះនាម ជ្រិន ជិន បានមានសង្ឃដីការថា ខ្លោងទ្វារនេះ ចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ តាមការផ្ដួចផ្ដើមរបស់លោកឧត្តមសេនីយ៍ត្រី គឹម ស្មីរ មេបញ្ជាការកងរាជអាវុធខេត្តរតនគិរី មានកម្ពស់១៧,៥០ម៉ែត្រ បណ្ដោយ១២ម៉ែត្រ រចនាបថក្បាច់បន្ទាយស្រី ចំណាយថវិកាសរុប ២៩.៩១៨ដុល្លារ ហើយបានសម្ពោធដាក់អោយប្រើប្រាស់ក្នុងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះតែម្ដង។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី គឹម ស្មីរ និងភរិយា ព្រមទាំងមន្ដ្រីក្រោមឱវាទបានប្រគល់អំណោយជាសារ៉ុង ក្រមា និងថវិកាដល់ លោកតាលោកយាយ ព្រមទាំងប្រជាពលរដ្ឋចំនួន១០០នាក់ ដែលអញ្ជើញចូលក្នុងកម្មវិធីសម្ពោធខ្លោងទ្វារវត្តនេះផងដែរ៕