អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អោយ​អ្នក​រត់​ម៉ូតូ​កង់​បី​ប្រើ​វិទ្យុ​ទាក់ទង (​អាយកូម​)

3312

ភ្នំពេញ៖ ដោយមើលឃើញពីភាពអនាធិបតេយ្យ នៃការប្រើប្រាស់វិទ្យុទាក់ទងរបស់ក្រុមអ្នករត់ម៉ូតូកង់បីនាពេលកន្លងមក នៅថ្ងៃទី០២ ខែ សីហានេះ អាជ្ញាធរសាលារាជធានីភ្នំពេញ បានសម្រេចមិនអោយអ្នករត់ម៉ូតូកង់បី ឬ រ៉ឺម៉កសណ្តោង ប្រើប្រាស់វិទ្យុទាក់ទង ឬហៅថាអាយកូមបន្តទៀត នឹង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយកើតឡើង។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ពាក់ព័ន្ធ ស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់ក្រុមម៉ូតូកង់បី ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ការប្រើប្រាស់វិទ្យុទាក់ទងរបស់អ្នករត់ម៉ូតូកង់បីនាពេលកន្លងមកធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខរបស់ប្រទេសជាតិ ជាពិសេសក៏មានការមិនពេញចិត្តពីសំណាក់អ្នកធ្វើដំណើរទៀតផង។

ឯកឧត្ដម បានស្នើដល់អង្គការ សមាគមអ្នករត់ម៉ូតូកង់បី ឬអ្នកប្រើប្រាស់ដោយគ្មានច្បាប់អនុញ្ញាតទាំងអស់ ត្រូវស្នើលេខ ឬហ្វ្រេកង់ឯកជនរបស់ខ្លួនទៅក្រសួងមហាផ្ទៃបើសិនជាចង់ប្រើប្រាស់វិទ្យុទាក់ទងក្នុងអាជីវកម្មរបស់ខ្លួន។ ឯកឧត្ដម បានបញ្ជាក់ទៀតថា បើនៅតែប្រើប្រាស់បន្តទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះការប្រើនេះ ខុសទៅនឹងច្បាប់របស់ប្រទេសកម្ពុជា។

ឯកឧត្ដម បន្ថែមថា ក្រុមអ្នករត់ម៉ូតូកង់បីនៅក្នុងរាជធានីភ្នំពេញស្ទើរតែគ្រប់គ្នាបានប្រើប្រាស់វិទ្យុទាក់ទងយ៉ាងអានាធិបតេយ្យស្ទើរតែគ្រប់ដៃដោយជ្រោកក្រោមស្លាកជាសមាជិកនៃអង្គការសមាគម ហើយនៅពេលមានប៉ះទង្គិចគ្នាបន្តិចបន្តួច ក្រុមនេះហៅគ្នាតាមវិទ្យុទាក់ទង មកចោមរោមដោយចាត់ទុកជនបង្ក ឬជនរងគ្រោះជាចំណាប់ខ្មាំងរបស់ខ្លួន ហើយមិនអោយកម្លាំងសមត្ថកិច្ចដោះស្រាយនោះទេ។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកឡើងពីភាពគ្មានសណ្ដាប់ធ្នាប់នៃក្រុមម៉ូតូកង់បីចតគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ឬទីប្រជុំជន វ៉ាជែង ឬបត់គ្មានខ្លាចក្រែងប៉ះគេឯង ចតនៅលើផ្លូវកែងបត់ ឬនៅលើដងផ្លូវហាមឃាត់ដែលធ្វើអោយស្ទះចរាចរណ៍ ជាពិសេសមួយទៀតអ្នករត់កង់បីមួយចំនួន ពួកគេគ្មានគោរពច្បាប់ចរាចរណ៍ គ្មានគោរពស្លាកសញ្ញា ឬភ្លើងស្តុំចរាចរណ៍ឡើយដែលបង្កគ្រោះថ្នាក់ចរចរណ៍ជាយថាហេតុណាមួយកើតឡើង។

ឯកឧត្ដម បានអំពាវដល់អភិបាលខណ្ឌទាំង១២ និងអង្គការសមាគមដែលធ្វើការពាក់ព័ន្ធនឹងម៉ូតូកង់បី ជាពិសេសមាគមម៉ូតូកង់បី IDIA ជាដើមចូលរួមផ្សព្វផ្សាយ បើកវគ្គបណ្ដុះបណ្ដាល និងអប់រំពួកគេអោយគោរពច្បាប់ចរាចរណ៍ និងចតអោយមានសណ្ដាប់ធ្នាប់ល្អទាំងអស់គ្នា។

បើតាមរបាយការណ៍អង្គការ សមាគមបានបង្ហាញថា មានម៉ូតូកង់បីប្រមាណជាង ១ម៉ឺន ២ពាន់គ្រឿង បាននិងកំពុងធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕