ភ្ញៀវ​ទេសចរ​មក​ពី ៥៤​ប្រទេស​ត្រៀម​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​ចក្រភព​ខ្មែរ​ចុង​សប្ដាហ៍​នេះ​នៅ​ខេត្ត​សៀមរាប​

95

ម៉ារ៉ាតុង៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្តរជាតិចក្រភពខ្មែរចម្ងាយ ៤២.១៩៥គីឡូម៉ែត្រលើកទី៤ នៅតំបន់អង្គរខេត្តសៀមរាប ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាបនឹងចាប់ផ្ដើមនាថ្ងៃអាទិត្យ ទី០៦ ខែសីហាចុងសប្ដាហ៍នេះហើយ ខណៈកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិមកពី ៥៤ប្រទេសត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។

រូបឯកសារ
រូបឯកសារ

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ឈានមកដល់ថ្ងៃទី០៣ ខែសីហានេះ គណៈកម្មការរៀបចំការប្រកួតបានបញ្ចប់ ការទទួលពាក្យចុះឈ្មោះរបស់ជនបរទេសហើយ នៅឡើយតែជនជាតិខ្មែរដែលត្រូវបន្តរហូតដល់ថ្ងៃសៅរ៍។ ប៉ុន្តែចំនួនអ្នកចូលរួមពេលនេះបានកើនឡើងដល់ជិត ៣,៥០០នាក់ហើយ ក្នុងនោះមានជនបរទេសជាង ១,៦០០នាក់មកពី ៥៤ប្រទេសលើពិភពលោក ខណៈប្រជាជនចិននៅតែបន្តឈរកំពូលតារាងអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ។ យ៉ាងណាមិញចំនួនអ្នកចូលរួមបច្ចុប្បន្ន នៅមិនដល់គោលដៅចង់បានរបស់គណៈកម្មការរៀបចំនោះទេ។ ប៉ុន្តែបើធៀបនឹងការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ដែលមានរយៈពេលជាង ២០ឆ្នាំវិញទើបតែ ៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលមានកំណើនអ្នកចូលរួមជិត ១ម៉ឺននាក់។ ហេតុនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងថា ការរត់ម៉ារ៉ាតុងអន្តរអង្គរជាតិ-ចក្រភពខ្មែរនេះ ក៏នឹងទទួលបានផ្លែផ្កានាពេលអនាគតដូចគ្នា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរអង្គរជាតិ-ចក្រភពខ្មែរឆ្នាំនេះគឺរៀបចំឡើងក្នុងគោលបំណង ៣សំខាន់ៗ ទី១៖ រៀបចំក្នុងដំណាក់កាលបៃតង ឬដំណាក់កាលភ្លៀង ដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះពិសេសនៅខេត្តសៀមរាប ដើម្បីទាញភ្ញៀវទេសចរនឹងរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ និងអាជីវកររស់នៅសៀមរាបផ្ទាល់។ ទី២៖ ដើម្បីផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ និងទី៣៖ បំផុសឲ្យយុវជនចូលរួមថែរក្សាបរិស្ថានស្អាតជាដើម៕
អត្ថបទ លី ឈុនឡា