GMAC​ ៖ ​កម្ពុជា​មិន​បាត់បង់​ការ​ផ្តល់​អនុគ្រោះ​ពន្ធ​លើ​ការនាំចេញ​ឬ​ពន្ធ​អនុគ្រោះ​នោះ​ទេ !​

44

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃពុធទី ២ ខែសីហា បានលើកឡើងថា កម្ពុជាមិនបាត់បង់ការផ្តល់អនុគ្រោះពន្ធ លើការនាំចេញ ឬ ពន្ធអនុគ្រោះដូចការលើកឡើងពីអ្នករាយការណ៍របស់ព័ត៌មាននោះទេ។

លោក កែន លូ អគ្គលេខាធិការ នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងកាលពីថ្ងៃទី ២ សីហានេះថា ការធ្វើចំណាត់ថ្នាក់ឡើងវិញ ដោយធនាគារពិភពលោកស្តីពីការឡើងថ្នាក់របស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ នឹងមិនប៉ះពាល់ដល់ការផ្តល់អនុគ្រោះពន្ធ លើការនាំចេញទៅកាន់ប្រទេសអភិវឌ្ឍន៍ឡើយ។

លោក បានបន្តថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ពីកម្ពុជា នឹងបាត់បង់ការផ្តល់អនុគ្រោះពន្ធលើការនាំចេញ ឬពន្ធអនុគ្រោះពន្ធ GSP ផ្សេងៗ ទៀតនៅពេលដែលខ្លួន នាំបានឈានក្លាយទៅជាប្រទេសមានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងក្នុងរយៈពេល៣ ឆ្នាំខាងមុខ។

លោក បានបញ្ជាក់ទៀតថា ចំពោះធនាគារពិភពលោកពិតណាស់ សម្រាប់បញ្ហាផ្ទៃក្នុងរបស់គេនឹងមានការចាត់ចំណាត់ថ្នាក់សម្រាប់ប្រទេសនីមួយៗ។ប៉ុន្តែនេះពាក់ព័ន្ធតែ និងគ្រាន់តែប៉ះពាល់ដល់កម្រិត នៃជំនួយអភិវឌ្ឍន៍ ដែលធនាគារពិភពលោកបានបែងចែកទៅកាន់ប្រទេសក្រីក្រតែប៉ុណ្ណោះ។

ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឩត្តម ហេង សួ បានថ្លែងថា នៅឆ្នាំ២០១៧នេះ ស្ថានភាពវិស័យវាយនភណ្ឌ កាត់ដេរស្បែកជើងកម្ពុជានៅតែមានឱកាសល្អ ក្នុងការអភិវឌ្ឍន៍ ហើយបន្ថែមពីលើវិស័យកាត់ដេរកម្ពុជាទទួលការអនុគ្រោះពន្ធ សម្រាប់ផលិតផលធ្វើដំណើរ ដែលរំពឹងពីការទទួលបានរោងចក្រថ្មីបន្ថែមទៀត។

ឯកឩត្តម បានបន្ថែមទៀតថា កម្ពុជានៅមានសុទិដ្ឋិនិយមច្រើន ចំពោះ វិស័យកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរ ដែលជាទូទៅ សម្រាប់រោងចក្របើកមានលើសជាងចំនួនរោងចក្រដែលបិទ និងបានស្រូបកម្លាំងពលកម្មនៅតែបន្តកើតមាននៅឡើយ៕