ចាប់ពី​ខែតុលា ​ឆ្នាំ​២០១៧ បង់​ក្លា​ដេ​ស​ទិញ​អង្ករ​ពី​កម្ពុជា​លើកដំបូង​ចំនួន២៥ ម៉ឺន​តោន

63

ភ្នំពេញ ៖ នៅខែតុលា ឆ្នាំ២០១៧ នេះ ប្រទេសបង់ក្លាដេស បានសម្រេចទិញអង្ករពីកម្ពុជាលើកដំបូងចំនួន ២៥ម៉ឺនតោន ។នេះបើតាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្រោយកិច្ចព្រមព្រៀងជាមួយភាគី បង់ក្លាដេស កាលពីថ្ងៃទី ២ខែសីហា ម្សិលមិញនេះ ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែង នៅក្នុងពិធីចុះអនុស្សរណៈ ដែលធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញថា នេះជាការបើកទំព័រថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅក្នុងតំបន់។

ឯកឧត្តម រដ្ឋមន្ត្រីថ្លែងទៀតថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំចេញអង្ករក្រអូប និងអង្ករចំហុយចំនួន ២៥ ម៉ឺនតោន ទៅកាន់ប្រទេសបង់ក្លាដេស នៅក្នុងខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

សម្រាប់ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឩត្តម សុខ ពុទ្ធីវុធ បានចាត់ទុកថា កិច្ចព្រមព្រៀងខាងលើនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកនាំចេញអង្ករជាពិសេសនោះ សមាជិកសហព័ន្ធតែម្តង ដែលនឹងជួយសម្រួលកិច្ចការជាច្រើនទៀត។

ចំណែក ឯកឧត្តម អេដវូខេត ក្វាមរ៉ុល អ៊ីស្លាម (Advocate Md. Qamrul Islam MP) បានលើកឡើងថា អនុស្សរណៈនេះ មានវិសាលភាពគ្របដណ្ដប់ រាល់ប្រតិបត្តិការទិញ និងលក់អង្ករទាំងអស់រវាងកម្ពុជា និងបង់ក្លាដេស ហើយនឹងត្រូវអនុវត្តន៍ដោយក្រុមហ៊ុនហ្គ្រីនត្រេដ (GTC) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយ នឹងអគ្គនាយកដ្ឋានស្បៀងអាហារ (DGF) ដែលជាក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងស្បៀងអាហារបង់ក្លាដេស។

សម្រាប់ឆមាសដំបូងក្នុងឆ្នាំ២០១៧ នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើតាមទិន្នន័យផ្តល់ដោយនាយកដ្ឋានផែនការស្ថិតិ និងព័ត៌មានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។ កាលពីក្នុងឆ្នាំ២០១៦ កម្ពុជានាំចេញបានចំនួន ៥៤ម៉ឺនតោន ពោលគឺបានកើនឡើង ០,៧០% បើធៀបនឹងឆ្នាំ២០១៥ មានចំនួនត្រឹមតែ៥៣ ម៉ឺនតោន៕

pan sosak btvnews(22-03-2016(6))