កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ជើងឯក​អាស៊ី ១០​គ្រឿង​

48

តុងហ្គីលម៉ូដូ៖ ក្រុមកីឡាករ-កីឡាការិនីនៃកីឡាតុងហ្គីលម៉ូដូកម្ពុជា បានកសាងស្នាដៃលើឆាកអន្តរជាតិគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងការដណ្ដើមបាននូវមេដាយ ១០គ្រឿង រួមមានមេដាយមាស ២, មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៥ នៅក្នុងការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០១៧ នៅទីក្រុងឈៀងម៉ៃប្រទេសថៃកាលពីចុងសប្ដាហ៍មុន។

ថ្លែងក្នុងសន្និសីទអបអរជោគជ័យរបស់អត្តពលិកកីឡាតុងហ្គីលម៉ូដូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឯកឧត្ដម ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបានមានប្រសាសន៍ថា វាគឺជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កីឡាក្មេងខ្ចីតុងហ្គីលម៉ូដូ ដែលទើបចាប់កំណើតលើទឹកដីកម្ពុជា។ តាមរយៈភាពជោគជ័យនេះដែរក្នុងនាមប្រធានសហព័ន្ធឯកឧត្ដមបានប្ដេជ្ញាធ្វើការជំរុញ និងអភិវឌ្ឍន៍ប្រភេទកីឡាថ្មីមួយនេះឲ្យកាន់តែរីកចម្រើន ដើម្បីឆ្ពោះទៅប្រកួតដណ្ដើមកិត្តិយសជូនជាតិបន្តនាពេលខាងមុខ។ តែយ៉ាងណាមិញឯកឧត្ដម ជ័យ ចាប ក៏ត្រូវការការចូលរួមគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាអាណាព្យាបាលសហព័ន្ធកីឡាជាតិផងដែរ។

ជាមួយគ្នានោះដែរកីឡាករ ស៊ឹម ប៊ុនស្រ៊ុន ម្ចាស់មេដាយមាសវិញ្ញាសាប្រយុទ្ធបុរស និងកីឡាការិនី ហុង គីមហួយ ម្ចាស់មេដាយប្រាក់វិញ្ញាសាប្រយុទ្ធនារីបានលើកឡើងស្រដៀងគ្នាថា ទោះបីជាការប្រកួតលើឆាកអន្តរជាតិលើកដំបូងរៀងៗខ្លួន ប៉ុន្តែការខិតខំហ្វឹកហាត់របស់ពួកគេពិតជាទទួលបាននូវផ្លែផ្កាល្អ ហើយពួកគេនឹងព្យាយាមធ្វើឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបន្តប្រកួតដណ្ដើមមេដាយជូនជាតិបន្ថែមទៀត។ គួរបញ្ជាក់ថា ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០១៧នេះ គឺមានអត្តពលិក ៨ប្រទេសចូលរួមដូចជាកម្ពុជា, ឥណ្ឌា, នេប៉ាល់, ជប៉ុន, កូរ៉េ, ហ្វីលីពីន, ម៉ុងហ្គោលី និងម្ចាស់ផ្ទះថៃ៕

អត្ថបទ លី ឈុនឡា