មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តសៀមរាប បន្ត​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ស្រុក​ស្វាយ​លើ

53

សៀមរាប ៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តសៀមរាប កាលពីម្សិលម៉ិញ បានចុះប្រតិបត្តិការត្រួតពិនិត្យ ចំណីអាហារនៅក្នុងផ្សារនៃទីប្រជុំជនស្វាយលើ ខេត្តសៀមរាប និងនៅតាមបណ្តាតូបលក់ចំណីអាហារនានា សម្រាប់សិស្សសាលា។

លោក ង៉ែត ចេក ប្រធានកាំកុងត្រូលសាខាខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងបេសកម្ម ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារកន្លងមក គឺត្រូវបានបានធ្វើការពិសោធន៍ដោយផ្ទាល់ នៅតាម ទីផ្សារនានាក្នុងខេត្តសៀមរាប។ ជាលទ្ធផលដែលទទួលបាន គឺគ្រឿងទំនិញម្ហូបអាហារ បន្លែត្រីសាច់ ភាគច្រើនគឺមិនមានការប្រើប្រាស់សារធាតុគីមីហាមឃាត់នោះទេ។

លោក ង៉ែត ចេក បានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមផ្សារ នៅតែជាកិច្ចការ ដ៏សំខាន់បំផុតដែលមិនអាចបណ្តែតបណ្តោយបាននោះឡើយ ដើម្បីទប់ស្កាត់ទំនិញគ្មានគុណភាព ការពារសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅ។

ការធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន អំបិល ប្រហិតសាច់ត្រី ប្រហិត ក្តាម សាច់ប៉ាត់តេ សណ្តែកបណ្តុះ ត្រពាំងជ្រក់ ប្រហុក នៅទីផ្សារស្វាយលើ ឃើញថា មានសុវត្ថិភាពល្អ។ អំបិលមានអ៊ីយ៉ូត១០០ភាគរយ និងពុំបានរកឃើញសារធាតុគីមីហាមឃាត់ ដូចជា បូរ៉ាក់ និងសារធាតុហាមឃាត់ដទៃទៀតនោះទេ នៅក្នុងម្ហូបអាហារទាំងនោះ។ ចំណែកលទ្ធ ផលនៃការត្រួតពិនិត្យផលិតផលប្រែប្រួល ឬខូចគុណភាព ផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីកាំកុងត្រូល រកឃើញលើទឹកក្រូចដបជ័រចម្រុះមួយចំនួន និងមីកំប៉ុងបន្តិចបន្តួច។

ក្រុមអាជីវករ ផ្សារស្វាយលើ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានយល់ដឹងច្រើនជាងមុន ដោយសារការចុះផ្សព្វផ្សាយ និងការត្រួតពិនិត្យរបស់មន្ត្រីកាំកុងត្រូល ជាញឹកញាប់។ មន្ត្រីកាំកុងត្រូលសាខាខេត្តសៀមរាប បានចែកផ្សាយនូវរូបភាព និងផ្សព្វផ្សាយដល់អាជីវករ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងអាហារមានសារធាតុគីមី ដែលត្រូវបានគេហាមឃាត់៕

bopia(04-07-2017(5)) bopia(04-07-2017(3)) bopia(04-07-2017(4))