កិច្ចប្រជុំ​កម្ពុជា ឡាវ វៀតណាម​(CLV) លើក​ទី​៦​ ទទួល​បាន​ជោគជ័យ​

110

ភ្នំពេញ៖ ក្រោយពីត្រឡប់មកពីសន្និសីទលើកទី៦ រវាងគណៈកម្មការកិច្ចការបរទេសនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ហៅកាត់ CLV នៅប្រទេសឡាវ នៅថ្ងៃទី០៤ សីហានេះ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានប្រកាសនៅក្នុងសន្និសីទកាសែតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា កិច្ចប្រជុំCLV ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្រោយពីភាគីទាំង៣ប្រទេសបានចូលរួមប្រជុំជជែកគ្នាលើបញ្ហាជាច្រើន។

ឯកឧត្ដម ឈាង វុន ឲ្យដឹងថា ក្នុងសន្និសីទលើកទី៦ ស្តីពីការពង្រឹងតួនាទីត្រួតពិនិត្យរបស់រដ្ឋសភាចំពោះគំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ត្រីកោណ ប្រទេសកម្ពុជា ឡាវ និងវៀតណាម(CLV) ប្រទេសទាំងបីបានជជែកពិភាក្សាគ្នាលើបញ្ហាព្រំដែន បញ្ហាគ្រឿងញៀន បញ្ហាអាជីវកម្មរបស់ពលរដ្ឋឆ្លងដែននៃប្រទេសទាំងបី។ សន្និសីទ បានលើកទ្បើងពីការអនុវត្តច្បាប់អន្តោប្រវេសន៍ អាពាហ៍ពិពាហ៍ឆ្លងដែន ការប្រើប្រាស់ទឹកស្អាត និងការផ្តល់អាហារូបករណ៍ និងបើកវគ្គបណ្ដុះបណ្ដាលដល់សិស្ស អោយគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសទាំង៣ផងដែរ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា រាល់ការពិភាក្សាលើបញ្ហានីមួយៗនៃប្រទេសទាំងបី គឺទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនភាព តែអ្វីដែលសំខាន់គឺការអនុវត្តផ្ទាល់អោយមានភាពប្រាកដប្រជា។

ឯកឧត្ដម បានប្រកាសថា ប្រតិភូនៃប្រទេសកម្ពុជាបានតស៊ូមតិយ៉ាងខ្លាំងចំពោះការអនុវត្តច្បាប់ជនអន្តោប្រវេសក្នុងប្រទេសកម្ពុជា ព្រោះគណៈប្រតិភូនៃប្រទេសវៀតណាម បានលើកបញ្ហានេះ មកពិភាក្សា និងស្នើឲ្យប្រទេសកម្ពុជាជួយមើលថែប្រជាពលរដ្ឋវៀតណាម។ ជាការឆ្លើយតប ឯកឧត្ដម ឈាង វុន បានបញ្ជាក់ថា ប្រទេសកម្ពុជាអនុវត្តច្បាប់អន្តោប្រវេសន៍ដោយស្មើភាពគ្រប់ជាតិសាសន៍ទាំងអស់។ ឯកឧត្ដមបន្ថែមថា ចុងក្រោយនៃសន្និសីទលើកទី៦នេះ ប្រទេសកម្ពុជា ឡាវ វៀតណាម បានដាក់ចេញសេចក្ដីប្រកាសរួមចំនួន២១ចំណុច និងដាក់ចេញនូវយុទ្ធសាស្ត្រ៧ចំណុច ដើម្បីជំរុញពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមតំបន់ព្រំដែន និងទំនាក់ទំនងជាប្រពៃណីជាមួយគ្នា។

សន្និសីទលើកទី៦ នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍតំបន់ត្រីកោណ ប្រទេសកម្ពុជា ឡាវ និងវៀតណាម(CLV) ដែលធ្វើឡើងនៅប្រទេសឡាវនេះ មានរយៈពេល ៤ ថ្ងៃគឺបានចាប់ផ្តើមពីថ្ងៃទី ១ ដល់ ៤ សីហា ឆ្នាំ ២០១៧៕