អត្ត​ព​លិ​ក​ជាតិ​-​អន្តរជាតិ ៣,៥០០​នាក់​ចូលរួម​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ ខណៈ​ភ្ញៀវ​ទេសចរ​ចិន​ចូលរួម​ច្រើន​ជាង​គេ​

59

ម៉ារ៉ាតុង៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៤ ដែលរៀបចំលើទឹកដីអង្គរខេត្តសៀមរាបកាលពីថ្ងៃទី០៦ ខែសីហានេះបានបញ្ចប់ដោយជោគជ័យ ដោយទទួលបានកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចូលរួមប្រមាណ ៣,៥០០នាក់មកពី ៥៣ប្រទេសលើពិភពលោក ខណៈប្រជាជនចិនមានការចូលរួមច្រើនជាងគេ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។Angkor1ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រគល់រង្វាន់ដល់អ្នកដណ្ដើមបានជ័យលាភីថា ព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាបរៀបចំក្នុងគោលបំណងសំខាន់ៗបី ទី១ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវភ្លៀងធ្លាក់, ទី២ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា និងទី៣ គឺការចូលរួមផ្សព្វផ្សាយពីបរិស្ថានស្អាត ក្នុងតំបន់សម្បត្តិបេតិកភណ្ឌពិភពលោកនេះ។ អ្វីដែលសំខាន់បំផុតឯកឧត្ដមបានសម្ដែងនូវមោទនភាព ចំពោះអត្តពលិកជាតិ-អន្តរជាតិចូលរួមឆ្នាំនេះមានកំណើនដល់ទៅ ១៥% បើធៀបនឹងឆ្នាំមុនពិសេសគឺកំណើនប្រជាពលរដ្ឋចិន ដែលមានការចូលរួមច្រើនជាងគេ ស្របពេលក្រសួងទេសចរណ៍កំពុងអនុវត្តគោលដៅ ទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យបាន ២០លាននាក់នៅឆ្នាំ២០២០ ខាងមុខ។ ដូច្នេះវាគឺជាជំហ៊ានជោគជ័យមួយមុននឹងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរនេះ ល្បីល្បាញលើពិភពលោក។

Angkor3គួរបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិខាងលើគឺបែងចែកការរត់ជា ៤វិញ្ញាសា រួមមានរត់ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៥គីឡូម៉ែត្រ។ ជាលទ្ធផលវិញ្ញាសារត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្របុរសលេខ១ កីឡាករ Neil Burns ជនជាតិអង់គ្លេសប្រើពេល ៣ម៉ោង ៨នាទី និង ៥៦វិនាទី, លេខ២ កីឡាករចិន Tiancai Zhou ប្រើពេល ៣ម៉ោង ២៣នាទី និង៤៦វិនាទី និងលេខ៣ កីឡាករហុងកុង Kiwai NG ប្រើពេល ៣ម៉ោង ២៤នាទី និង ២៣វិនាទី។ រីឯផ្នែកនារីរត់ ៤២គីឡូម៉ែត្រលេខ១ បានទៅកីឡាការិនីអេស្ប៉ាញ Coibella ប្រើពេល ៣ម៉ោង ១៩នាទី និង ០៣វិនាទី, លេខ២ កីឡាការិនីស្វីស Muriel Heidegger ប្រើពេល ៣ម៉ោង ៤៦នាទី និង ២៣នាទី និងលេខ៣ កីឡាការិនីអូស្ត្រាលី Renshaw Keri ប្រើពេល ៣ម៉ោង ៥១នាទី និង ៥១វិនាទី។

Angkor2ចំណែកលទ្ធផលរត់ពាក់កណ្ដាលម៉ារ៉ាតុង ២១គីឡូម៉ែត្របុរសលេខ១ បានទៅកីឡាករ Yamasaki Takemaru ជនជាតិជប៉ុនប្រើពេល ១ម៉ោង ១៤នាទី និងលេខ១ ផ្នែកនារីលេខ១ បានទៅកីឡាការិនី Puff Kathrin ប្រើពេល ១ម៉ោង ៤៥នាទី និង ២វិនាទី។ រីឯលេខ១ លើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របានទៅកីឡាករកម្ពុជា គៀង សាម៉ន ប្រើពេល ៣៦នាទី ៥៦វិនាទី និង ៤៧ គ្រាដែលលេខ១ ផ្នែកនាទីបានទៅកីឡាការិនី Matsugl Mina ជនជាតិជប៉ុនប្រើថិរវេលា ៤៩នាទី និង ២៥វិនាទី៕
អត្ថបទ លី ឈុនឡា