ខ្សែ​ប្រយុទ្ធ​វ័យ ១៣​ឆ្នាំ ភាព ចាន់​ដេវីត អាច​ទៅ​ហាត់​នៅ​ប្រទេស​ជប៉ុន​នា​ឆ្នាំក្រោយ​

241

បាល់ទាត់៖ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះយុវជនវ័យ ១៣ឆ្នាំ ភាព ចាន់ដេវីត បន្ទាប់ពីត្រូវបានក្លឹបសមាជិកនៃលីគកំពូលកម្ពុជា Cambodian Tiger ចុះកុងត្រារយៈពេល ១០ឆ្នាំកាលពីពេលថ្មីៗកន្លងទៅ។
យុវជននៃខេត្តសៀមរាបរូបនេះបានសម្ដែងក្ដីរំភើបរីករាយក្រៃលែង ក្រោយបានក្លាយជាសមាជិកក្លឹបអាជីព ដូច្នេះហើយគេក៏បានបង្ហើបផងដែរថា ប្រសិនបើខ្លួនបន្តធ្វើបានល្អជាមួយក្លឹបចាស់ Next Step គេនឹងមានឱកាសចេញទៅហាត់នៅជប៉ុននាឆ្នាំក្រោយ។ ខ្សែប្រយុទ្ធវ័យក្មេង ភាព ចាន់ដេវីត បានបញ្ជាក់ថា ទោះបីខ្លួនបានចុះកុងត្រាំជាមួយ Cambodian Tiger ប៉ុន្តែខ្លួនមិនទាន់គ្រប់អាយុទៅលេងឲ្យក្លឹបដឹកនាំដោយជនជាតិជប៉ុននេះទេ ដោយត្រូវបន្តលេងជាមួយក្លឹប Next Step សិន។ តែយ៉ាងណាយុវជនរូបនេះពិតជាសប្បាយចិត្ត ព្រោះវាជាជោគជ័យមួយក្នុងក្ដីស្រម៉ៃរបស់ខ្លួន ទាំងពីតូចដែលចង់ក្លាយជាកីឡាករល្បី និងបានជម្នះការរារាំងរបស់ឪពុកម្ដាយជាច្រើនលើកដើម្បីបានហ្វឹកហាត់ជាមួយក្លឹប Next Step រហូតទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំក្លឹប Cambodian Tiger ដូច្នេះ។

ជុំវិញការចុះកុងត្រានាំយកខ្សែប្រយុទ្ធវ័យ ១៣ឆ្នាំខាងលើ បានបន្ទន់ចិត្តឪពុកម្ដាយរបស់គេឈប់រារាំងក្ដីស្រម៉ៃ ចង់ក្លាយជាកីឡាករល្បីរបស់ខ្លួន។ ផ្ទុយទៅវិញពួកគាត់ថែមទាំងជំរុញ និងលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀតផង។ តែយ៉ាងណា ដេវីត ត្រូវហ្វឹកហាត់ជាមួយក្លឹបចាស់ Next Step រយៈពេល ៣ឆ្នាំទៀតទើបគេអាចទៅលេងនៅក្លឹប Cambodian Tiger ផ្លូវការក្នុងវ័យ ១៦ឆ្នាំ។ ប៉ុន្តែករណី ដេវីត បង្ហាញទម្រង់លេងបានល្អជាមួយ Next Step គេនឹងមានឱកាសទៅហាត់នៅជប៉ុននាឆ្នាំក្រោយ តាមការសន្យារបស់ថ្នាក់ដឹកនាំក្លឹបកំពុងឈរលេខរៀងទី៦ នៃលីគកំពូលកម្ពុជានេះ។ សូមបញ្ជាក់ថា ភាព ចាន់ដេវីត បានចូលលេងបាល់ទាត់ក្នុងវ័យ ១០ឆ្នាំមុននឹងគេត្រូវបានជ្រើសរើសជាថ្នាលយុវជនរបស់ក្លឹប Next Step កាលពីឆ្នាំ២០១៦កន្លងទៅ។ ជាមួយគ្នានោះគេបានព្យាយាមហ្វឹកហាត់ និងខិតខំជាខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ ហេតុផលនេះហើយដែលគ្រប់គ្រាន់ឲ្យថ្នាក់ដឹកនាំក្រុម Cambodian Tiger ចាប់ចិត្ត និងចុះកុងត្រារយៈពេលវែង ហើយថែមទាំងផ្ដល់នូវការឧបត្ថម្ភការសិក្សា និងសន្យាជំរុញ ដេវីត ឲ្យក្លាយជាកីឡាករល្បីនាពេលអនាគតទៀតផង៕
អត្ថបទ លី ឈុនឡា