ផ្សារ​ទំនើប​ធំៗ ​ចំនួន​៦ ​នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៨

3205

ភ្នំពេញ ៖ ចំនួនផ្សារទំនើបនៅក្រុងភ្នំពេញ មិនបន្ថយល្បឿននោះទេ ជាក់ស្តែងផ្សារទំនើបធំៗចំនួន៦ទៀត នឹងបើកដំណើរការ នៅឆ្នាំ២០១៨ ខាងមុខនេះ ខណៈកម្លាំង នៃការទិញរបស់ប្រជាពលរដ្ឋខ្មែរ មានការកើនឡើងផងដែរ ដែលធ្វើឲ្យអ្នកជំនាញបានជំរុញ ឲ្យអ្នកវិនិយោគគិតគូរលើកត្តាមួយចំនួន។

ផ្សារទំនើបធំៗទាំង៦នោះ រួមមាន ផ្សារទំនើប AEON Mall2, Parkson Mall ,Olypia Plaza និងផ្សារទំនើបក្នុងគម្រោង The Brdige, ផ្សារទំនើប MAKRO ជាផ្សារលក់ទំនិញបោះដុំរបស់ប្រទេសថៃ និងផ្សារទំនើបក្រោម ដី ដែលជាគម្រោង វិនិយោគរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។

អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ សីហានេះថា ជាមួយ នឹងការចូលមកដល់នូវផ្សារទំនើបថ្មីៗ និងផ្សារទំនើបជាច្រើនទៀតកំពុងត្រៀមបើកដំណើរការនៅឆ្នាំ២០១៨ខាងមុខ អ្នកនាងគិតថាអ្នកវិនិយោគបានសិក្សាច្បាស់លាស់ហើយពីស្ថានភាពទីផ្សារ និងកំលាំងនៃការទិញរបស់ប្រជាពលរដ្ឋខ្មែររួចហើយ មុនធ្វើការវិនិយោគ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកវិនិយោគគួរសិក្សាពីកត្តាមួយចំនួនទៀតដូចជា កំលាំងនៃការទិញ ការរៀបចំ និងរចនាកន្លែងលក់ឲ្យមានភាពទាក់ទាញ និងតម្រូវការនៅក្នុងទីផ្សារនេះ។

អ្នកនាង បន្តថា “កំលាំងទិញនៅកម្ពុជាកើនឡើង ប៉ុន្តែភាគច្រើនប្រជាពលរដ្ឋផ្តោតលើការកំសាន្ត និងការញាំ ច្រើនជាងនៅតាមបណ្តាផ្សារទំនើបនានា”។ អ្នកនាង បន្ថែមថា “ការមកដល់នូវផ្សារទំនើបថ្មីៗ មិនមានបញ្ហានៅក្នុងទីផ្សារនោះទេ យើងស្វាគមន៍ការវិនិយោគនានា ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”។

ទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ធៀបនឹងមនុស្សម្នាក់មានប្រមាណ០,១ម៉ែត្រការ៉េ ខណៈប្រទេសថៃទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់ មាន០,៤ម៉ែត្រការ៉េ។

ទាក់ទងនឹងទំហំផ្សារ ធៀបនឹងចំនួនប្រជាជនកម្ពុជា អ្នកនាង អាន សុធីតា បានពន្យល់ថា ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅក្រុងភ្នំពេញ មានការកើនឡើង តែទាបជាងប្រទេសថៃ ប៉ុន្តែផ្សារទំនើបនៅកម្ពុជា ពឹងផ្អែកលើប្រជាជនក្នុងស្រុកច្រើនជាង ខុសពីប្រទេសថៃដែលផ្សារទំនើបមិនត្រឹមតែពឹងផ្អែកប្រជាជនក្នុងស្រុកនោះទេ ប៉ុន្តែប្រទេសថៃមានកំលាំងទិញខ្លាំង និងមានការរួមចំណែកពីភ្ញៀវទេសចរណ៍ច្រើនផងដែរ៕