ថវិកា​បន្ថែម​ជួយ​វិស័យ​ស្រូវ​អង្ករ​បានសម្រេច​ផ្លូវការ​ហើយ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា

161

ភ្នំពេញ ៖ ថវិកាបន្ថែមសម្រាប់ជួយសង្គ្រោះដល់វិស័យស្រូវអង្ករនារដូវប្រមូលខាងមុខនេះ បានសម្រេចផ្លូវការហើយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំនួន២៣ លានដុល្លារអាមេរិក។

ឯកឩត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាភិបាលថ្មីធនាគារអភិវឌ្ឍន៍ជនបទអាណត្តិទី៧ នៅថ្ងៃទី ៧ខែសីហា នេះថា តាមពិតជាគោលការណ៍ថវិកាពិសេសបន្ថែមនោះបាន សម្រេចជាផ្លូវការហើយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ នាយករដ្ឋមន្ត្រី សម្រាប់កសាងបន្ថែមឡសម្ងួត និងឃ្លាំងស្តុកទុកតាមបណ្តាខេត្តយុទ្ធសាស្ត្រចំនួនបី មានកំពង់ធំ ព្រែវែង និងខេត្តតាកែវ សរុប ១៥ លានដុល្លារអាមេរិក។

ឯកឩត្តម បានបន្តថា ទំហំថវិកាសរុបមកដល់ម៉ោងនេះគឺសម្រាប់ កញ្ចប់ឥណទានពិសេសនឹងសង្គ្រោះបន្ទាន់ ក្នុងរដូវខាងមុខនេះ រាជរដ្ឋាភិបាលបានបន្ថែម ២៣លានដុល្លារទៀត សរុបទាំងទុនរបស់ធនាគារទៀតមានចំនួន ៥០ លានដុល្លារអាមេរិក។

សម្រាប់អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ បញ្ជាក់ថា ឥណទានខាងលើនេះ បើកចំហពីពេលនេះតទៅ ចំពោះ បណ្តាលរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដោយមិនមានការរើសអើងនោះឡើយ ដោយគ្រាន់តែបំពេញតាមលក្ខខ័ណ្ឌ របស់ធនាគារអភិវឌ្ឍន៍ជនបទ។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា វិស័យកសិកម្មនៅក្នុងប្រទេសមានចំណែក ៣០% នៃផលិតផលសរុបក្នុងស្រុក ហើយបានស្រូវកម្លាំងពលកម្មជាង ៥០% ហើយវិស័យនេះ ជាវិស័យមួយ ដែលមិនអាចប្រងើយកន្តើយបានឡើយ។

លោកជំទាវ បានបន្ថែមថា គ្រឹះស្ថានធនាគារ ពាណិជ្ជមានទំនោរផ្តល់ហិរញ្ញប្បទាន សម្រាប់ទ្រទ្រង់វិស័យសេវាកម្មផ្សេងៗ ដែលផ្តល់នូវប្រាក់កម្ចីខ្ពស់ ហើយនេះជាការជួយអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម។

សម្រាប់ លោក តាំង សុខឃី អ្នកគ្រប់ក្រងទូទៅរបស់ក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បានបញ្ជាក់ថា នេះជាការគិតគួរខ្ពស់របស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ហើយបើសិនជាមិនមានវិធានការត្រៀមនោះទេ ពេលកសិករប្រមូលផលស្រូវបានអាចលក់ក្នុងតម្លៃថោក ដោយសារតែឈ្មួញក្រឡុកទីផ្សារ។

លោកបានបន្ថែមទៀតថា បើសិនជាមានប្រភពទុនរួចហើយ កសិករអ្នកផលិតស្រូវមានសង្ឃឹមឡើងវិញ ក្នុងការធ្វើកសិកម្ម ហើយនេះជាយន្តការល្អ ដែលប្រជាកសិករចង់បាននៅពេលប្រមូលផលស្រូវម្តងៗ៕