ការ​តាំង​ពិព័រណ៍​អាពាហ៍ពិពាហ៍​ជា​ការ​លើក​កម្ពស់​ភាព​រុងរឿង ​នៃ​អាណាចក្រ​កម្ពុជា​គ្រប់​ជំនាន់​

87

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍រង់ចាំទស្សនារយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃទី០៥ និងទី០៦ ខែសីហាកន្លងទៅនេះ ដែលមានការដាក់តាំងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំស្ល ម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ប្រពៃណីខ្មែរជាច្រើនទម្រង់ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ព្រឹត្តិការណ៍នេះ មានការគាំទ្រដោយក្រសួងពាណិជ្ជកម្ម សហការរៀបចំជាមួយវិស័យឯកជន និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមានការចូលរួមឧបត្ថម្ភពីបណ្ដាក្រុមហ៊ុនឯកជននានា និងនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដើម្បីថែរក្សាលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងផ្សព្វផ្សាយពី ទំនៀមទម្លាប់ទម្រង់អាពាហ៍ពិពាហ៍ សំលៀកបំពាក់ប្រពៃណីជាតិ ជាមួយនឹងម្ហូបអាហារខ្មែរឲ្យកូនចៅ ជំនាន់ក្រោយៗបានដឹង ក៏ដូចជាបង្ហាញដល់ភ្ញៀវអន្ដរជាតិផងដែរ។

លោក ទេព សិផ្ផាន់ណា អគ្គនាយករងក្រុមហ៊ុនសិរីមង្គល និងជាអ្នករៀបចំពិព័រណ៍នេះឡើងបានឲ្យដឹង នេះជាការជំរុញឲ្យកូនខ្មែរចូលរួមគាំទ្រលើកកម្ពស់ និងថែរក្សាប្រពៃណីជាតិខ្មែរដ៏ឧត្ដុង្គឧត្ដម ប្រកបដោយអត្ថន័យឲ្យយុវជនជំនាន់ក្រោយបានដឹង។

ទន្ទឹមនឹងនេះ វិស័យឯកជនក៏បានបង្ហាញពីសេវាកម្ម ដើម្បីចូលរួមចំណែកគាំទ្រវប្បធម៌ និងប្រពៃណីជាតិខ្មែរនិងឲ្យយុវជនបច្ចុប្បន្នកាន់តែយល់ច្បាស់ពីកេរដំណែលដែលដូនតាបានបន្សល់ទុក និងភាពអស្ចារ្យនៃការច្នៃប្រឌិតសម្ភារៈ ឬឧបករណ៍បុរាណ ឲ្យមានភាពទាក់ទាញទាន់សម័យនាពេលនេះ។

អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនថតរូប និងវីដេអូរាធិកា កញ្ញាទេស សុក្រលីកា បានយល់ឃើញថា សម្រាប់ព្រឹត្តិការណ៍នេះ ពិតជាអស្ចារ្យ និងមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងជាតិ និងអន្តរជាតិ។ ពិសេសសម្រាប់គូស្វាមី ភរិយាថ្មី ដែលគ្រោងរៀបចំពិធីមង្គលការនាថ្ងៃអនាគត នឹងយល់ដឹងបន្ថែមក្នុងការរៀបចំកម្មវិធី និងដឹងអំពីសេវាដែល ក្រុមហ៊ុននីមួយៗផ្តល់ឲ្យ។

ការតាំងពិព័រណ៍នៅឆ្នាំនេះ មានជាង១០០ស្តង់ចូលរួម ដែលបានតាំងបង្ហាញជូនមហោស្រព សិល្បៈ ដណ្ដាំស្លម្ហូបអាហារ និងការបង្ហាញទម្រង់ម៉ូតសំលៀកបំពាក់ កសិករផលិតពីក្រមា អ្នកជំនាញ ថតរូប និងវីដេអូ ការប្រើប្រាស់សម្ភារៈផលិតពីត្នោត និងរបាំកំប្លោកជាដើម។

ក្នុងនោះ ក្រុមហ៊ុនសិរីមង្គល ក៏មានរៀបចំសម្ដែងពីទម្រង់អាពាហ៍ពិពាហ៍ដែលកម្រៗរួមមាន៖ ពិធីចងសំរោង, ពិធីព្រាង កន្ទោង ឬក្រិតនំ, និងពិធីហែជំនូនបែបអ្នកស្រុកខេត្ដព្រះសីហនុជូនទស្សនាផងដែរ៕