ក្មេងៗ​ជាង​ ១០០​នាក់​ចូលរួម​លេង និង​ទស្សនា​ការ​បង្ហាញ​នូវ​បច្ចេកទេស​ជិះ​ស្គី​បន្ទះក្ដារ​

121

ជិះស្គី៖ ក្មេងៗជាង ១០០នាក់អ្នកខ្លះយកស្គីបន្ទះក្ដារមកខ្លួនឯង អ្នកខ្លះទៀតត្រូវបានអនុញ្ញាតឲ្យខ្ចីស្គីបន្ទះក្ដារដែលមានរៀបចំទុកជាស្រេច សម្រាប់ឲ្យពួកគេបានសាកល្បងជិះលេងនៅខាងមុខវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយមានការបង្ហាញបច្ចេកទេសខ្លះពីលោក Neftalie Williams បេសកជនអ្នកជិះស្គីលើបន្ទះក្ដារដំបូងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

sky

ខណៈពេលដែលក្មេងនិងកីឡាករកំពុងជិះស្គីបន្ទះក្ដារយ៉ាងសប្បាយរីករាយ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថា លោកសប្បាយរីករាយណាស់នៅពេលបានឃើញក្មេងៗចូលចិត្តកីឡាមួយនេះ ព្រោះនេះជាកីឡាប្រភេទថ្មីមួយសម្រាប់កម្ពុជា ហើយអ្វីដែលជាក្តីសង្ឃឹមនោះគឺនៅថ្ងៃអនាគត លោកចង់ឃើញមានសហព័ន្ធកីឡាស្គីបន្ទះក្ដារនៅកម្ពុជា ហើយកីឡាកររបស់កម្ពុជាដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ផ្សេងៗ។ ទន្ទឹមនឹងនោះលោក Neftalie Williams បេសកជនអ្នកជិះស្គីលើបន្ទះក្ដារដំបូង របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងថា លោកមានការភ្ញាក់ផ្អើលចំពោះការចូលរួម និងសមត្ថភាពក្នុងការជិះស្គីរបស់ក្មេងៗ ព្រោះពួកគេលេងបានយ៉ាងល្អ។ លោកបន្ថែមទៀតថា សម្រាប់កម្ពុជាប្រសិនបើចង់ឲ្យកីឡាមួយនេះរីកចំរើនគួរតែលើកទឹកចិត្ត និងបង្កើតកន្លែងដែលអាចឲ្យក្មេងៗជិះស្គីនៅតាមទីសាធារណៈឲ្យបានច្រើន។

ski

សូមបញ្ជាក់ថា បេសកជនអ្នកជិះស្គីលើបន្ទះក្ដារដំបូង របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឈ្មោះ Neftalie Williams ដែលបាននាំមកដោយមានការគាំទ្រ និងរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧កន្លងមកនេះ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយផ្សារភ្ជាប់យុវជនកម្ពុជាតាមរយៈការបង្ហាត់បង្ហាញការជិះស្គីលើក្ដារបន្ទះ នៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។ ហើយនេះជាលើកទី២ ដែលសហរដ្ឋអាមេរិកបានបញ្ជូនអ្នកជំនាញផ្នែកកីឡាមកម្ពុជា ដោយលើកទីមួយបានបញ្ជូនអតីតកីឡាករបាល់បោះលំដាប់ពិភពលោក ដែលធ្លាប់លេងនៅលីគកំពូលរបស់អាមេរិកជាង១០ឆ្នាំ និងធ្លាប់លេងក្នុងក្របខ័ណ្ឌNBA៕