អ្នកជំនាញ​ថា កម្ពុជា​គួរ​បើក​ច្រក​ទីផ្សារ​នាំចេញ​អង្ករ​បន្ថែមទៀត

71

ភ្នំពេញ ៖ អ្នកនាំចេញអង្ករ និងតំណាងសហព័ន្ធស្រូវអង្ករ បានប្ដេជ្ញាថា កម្ពុជានឹងជំរុញបើកច្រកទីផ្សារនាំចេញអង្ករបន្ថែមទៀត ពីកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗ ដែលមានសក្តានុពល។

ឯកឩត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារទៅមុខសម្រាប់វិស័យស្រូវអង្ករកម្ពុជានៅតែមានសក្តានុពលច្រើននៅឡើយ ចំពោះកម្ពុជា ដូច្នោះហើយអ្វី ដែលសំខាន់ការបើកច្រកទីផ្សារថ្មីទៅកាន់បណ្តាប្រទេសផ្សេងទៀតនឹងមានរូបភាពយូរអង្វែង។

ឯកឩត្តម បានបន្តថា តាមពិតការរៀបចំគ្រឹះស្ថានក្នុងវិស័យកសិកម្ម ជារឿងសំខាន់ណាស់ ដែលខាងសហព័ន្ធស្រូវអង្ករកំពុងតែជំរុញថែមទៀតទាក់ទង និងគម្រោងរៀបចំឃ្លាំង ឬ ឡសម្ងួតកំពុងតែសហការជាមួយស្ថាប័នជំនាញ ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នាជួយដល់វិស័យកសិកម្ម។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បន្ថែមថា បច្ចុប្បន្នវិស័យស្រូវអង្ករ រាជរដ្ឋាភិបាលកម្ពុជាបានជួយច្រើន ហើយបញ្ហាសំខាន់នៅពេលនេះ ដើម្បីជំរុញការងារផលិតកម្មឲ្យបានល្អគួរតែមានការចងក្រងជាសហគមន៍ ពង្រឹងការផលិតឲ្យមានស្តង់ និងជ្រើសរើសពូជទៅតាមតម្រូវការទីផ្សារ។

ចំណែក លោក តាំង សុខឃី ប្រធានចាត់ការទូទៅនៃក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ការវិនិយោគពីវិស័យឯកជនពិតជាចូលរួមចំណែកជាមួយគោលនយោបាយនាំចេញអង្កររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវជំរុញផលិតកម្មស្រូវឲ្យបាន១លានតោនក្នុងមួយឆ្នាំ។

លោក បានបន្តទៀតថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍បានអភិវឌ្ឍន៍វិស័យកសិកម្ម និងបង្កើនការផ្គត់ផ្គង់នៅលើទីផ្សារ ដែលមានតម្រូវការខ្ពស់ ហើយ ក្នុងមួយឆ្នាំៗ អាច ប្រមូលផលបានចន្លោះពី ៣ ទៅ ៤ ពាន់តោនផងដែរ។

សម្រាប់ឆមាសដំបូងក្នុងឆ្នាំ២០១៧ នេះកម្ពុជាបាននាំចេញអង្ករចំនួន ៣០,៩២៥តោន នេះបើតាមទិន្នន័យផ្តល់ដោយនាយកដ្ឋានផែនការស្ថិតិ និងព័ត៌មានពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។ កាលពីក្នុងឆ្នាំ២០១៦ កម្ពុជានាំចេញបានចំនួន ៥៤ម៉ឺនតោន ពោលគឺបានកើនឡើង ០,៧០% បើធៀបនឹងឆ្នាំ២០១៥ មានចំនួនត្រឹមតែ៥៣ ម៉ឺនតោន៕

MYANMAR-LIFESTYLE-ECONOMY-RICE btvnews(22-03-2016(6))